ឥណ្ឌានឹងនាំចូលជីអ៊ុយរ៉េ ក្នុងតម្លៃទ្វេដង ខណៈមានការរំខាន ពីជម្លោះនៅមជ្ឈិមបូព៌ា
បេទេស៖ សារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសឥណ្ឌាបានយល់ព្រមនាំចូលជីអ៊ុយរ៉េ ក្នុងតម្លៃទ្វេដងនៃតម្លៃកាលពីដើមឆ្នាំនេះ ចំពេលមានការរំខាន ដល់ការផ្គត់ផ្គង់ដែលបណ្តាល មកពីជម្លោះនៅមជ្ឈិមបូព៌ា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា សារព័ត៌មានបានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថា ទីក្រុងញូវដេលីនឹងនាំចូលជី ដែលមានមូលដ្ឋានលើអាសូតចំនួន ២,៥ លានតោនក្នុងការដេញថ្លៃតែមួយ។
យោងតាមរបាយការណ៍ ក្រុមហ៊ុន Indian Potash Ltd. បានយល់ព្រមទិញជីអ៊ុយរ៉េចំនួន ១,៥ លានតោនក្នុងតម្លៃ ៩៣៥ ដុល្លារក្នុងមួយតោន សម្រាប់ការដឹកជញ្ជូននៅឆ្នេរសមុទ្រខាងលិច និងបន្ថែម ១ លានតោនក្នុងតម្លៃ ៩៥៩ ដុល្លារក្នុងមួយតោន សម្រាប់ការដឹកជញ្ជូននៅឆ្នេរសមុទ្រខាងកើត។
មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលចាប់ផ្តើមសង្គ្រាមលើអ៊ីរ៉ង់នៅចុងខែកុម្ភៈ ក្រុមហ៊ុន Rashtriya Chemicals and Fertilizers របស់ប្រទេសឥណ្ឌាបានទទួលការដេញថ្លៃក្នុងតម្លៃ ៥០៨ ដុល្លារក្នុងមួយតោនសម្រាប់ការដឹកជញ្ជូននៅឆ្នេរសមុទ្រខាងលិច និង ៥១២ ដុល្លារក្នុងមួយតោនសម្រាប់ការដឹកជញ្ជូននៅឆ្នេរសមុទ្រខាងកើត នេះបើយោងតាមរបាយការណ៍របស់ Reuters។
ការនាំចូលចុងក្រោយបំផុតនឹងមានចំនួនជិតមួយភាគបួននៃការនាំចូលប្រចាំឆ្នាំរបស់ខ្លួនប្រហែល ១០ លានតោននៅឆ្នាំ ២០២៥៕
ប្រែសម្រួលៈ ណៃ តុលា
