ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំថា អ៊ីរ៉ង់អាចទូរស័ព្ទ មកបានប្រសិនបើចង់ចរចា ខណៈរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ធ្វើដំណើរទៅរុស្ស៊ី

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់អាចទូរស័ព្ទមកបាន ប្រសិនបើខ្លួនចង់ចរចា បញ្ចប់សង្គ្រាមរយៈពេលពីរខែរបស់ពួកគេ ហើយបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មិនអាចមាន អាវុធនុយក្លេអ៊ែរ បានទេ បន្ទាប់ពីទីក្រុង តេហេរ៉ង់បាននិយាយថា សហរដ្ឋអាមេរិកគួរតែ លុបបំបាត់ឧបសគ្គ ចំពោះកិច្ចព្រមព្រៀង រួមទាំងការបិទផ្លូវកំពង់ផែអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន Reuter ចេញផ្សាយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ថា ក្តីសង្ឃឹមនៃការរស់ឡើងវិញ នៃកិច្ចខិតខំប្រឹងប្រែង សន្តិភាព បានថយចុះកាលពីថ្ងៃសៅរ៍ នៅពេលដែលលោក ត្រាំ បានលុបចោលដំណើរ ទស្សនកិច្ចបេសកជនរបស់លោកគឺលោក Steve Witkoff និងលោក Jared Kushner ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានធ្វើដំណើរទៅ និងមក ប្រទេសប៉ាគីស្ថាន និងអូម៉ង់នៅថ្ងៃអាទិត្យ មុនពេលធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ជាកន្លែងដែលលោកត្រូវជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។

ចំណែកតម្លៃប្រេងបានកើនឡើង ប្រាក់ដុល្លារកើនឡើងខ្ពស់ ហើយភាគហ៊ុនអាមេរិកបានធ្លាក់ចុះ ទាបនៅក្នុងការជួញ ដូរនៅអាស៊ីដំបូងនៅថ្ងៃចន្ទ បន្ទាប់ ពីការចរចាសន្តិភាពបានជាប់គាំង ដែលធ្វើឱ្យការដឹកជញ្ជូននៅឈូង សមុទ្រត្រូវបានរារាំង។

លោក ត្រាំ បានប្រាប់ “The Sunday Briefing” នៅលើ Fox News ថា “ប្រសិនបើពួកគេចង់និយាយ ពួកគេអាចមករកយើង ឬពួកគេអាចទូរស័ព្ទមកយើង។ អ្នកដឹងទេ មានទូរស័ព្ទ។ យើងមានខ្សែទូរស័ព្ទល្អ និងមានសុវត្ថិភាព”។

លោក ត្រាំ បាននិយាយថា ពួកគេដឹងពីអ្វីដែលត្រូវតែមាននៅក្នុងកិច្ចព្រមព្រៀង។ វាសាមញ្ញណាស់៖ ពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបានទេ បើមិនដូច្នោះទេ គ្មានហេតុផលដើម្បីជួបគ្នាទេ» ។

Axios បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ សម្តីមន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ និងប្រភពពីរដែលមានចំណេះដឹងអំពីបញ្ហានេះថា អ៊ីរ៉ង់បានផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសំណើថ្មីមួយ តាមរយៈអ្នកសម្របសម្រួលប៉ាគីស្ថាន ស្តីពីការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការបញ្ចប់សង្គ្រាម ដោយការចរចានុយក្លេអ៊ែរ ត្រូវបានពន្យារពេលសម្រាប់ដំណាក់កាលក្រោយ។ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសេតវិមានមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ លើរបាយការណ៍នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top