តេអេរ៉ង់ ៖ ការបង្ហាញពីលក្ខខណ្ឌរបស់អ៊ីរ៉ង់ សម្រាប់ការបញ្ចប់សង្គ្រាម ទៅកាន់ប្រទេសប៉ាគីស្ថាន ក្នុងនាមជាប្រទេសសម្របសម្រួល គឺជាគោលបំណងសំខាន់ៗ នៃការវិលត្រឡប់របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Seyed Abbas Araghchi ទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ។
យោងតាម សារព័ត៌មាន Tasnim ការវិលត្រឡប់ របស់លោក Araghchi ទៅកាន់ប្រទេសប៉ាគីស្ថាន មិនទាក់ទងនឹងការចរចា នុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកនោះទេ។
ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេស ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីជាមួយប៉ាគីស្ថាន រួមជាមួយនឹងបញ្ហាផ្សេងទៀត ដូចជាការអនុវត្តប្រព័ន្ធច្បាប់ថ្មី របស់អ៊ីរ៉ង់នៅលើច្រកសមុទ្រហ័រមូស ការស្វែងរកសំណងសង្គ្រាម ការធានាប្រឆាំងនឹង “ការឈ្លានពានម្តងហើយម្តងទៀត ដោយពួកអ្នកធ្វើសង្គ្រាម” និងការលើកការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក។
លោក Araghchi បានទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដនៅរសៀលថ្ងៃអាទិត្យ សម្រាប់ដំណើរទស្សនកិច្ចលើកទីពីររបស់លោកចាប់តាំងពីថ្ងៃសុក្រ បន្ទាប់ពីឈប់នៅប្រទេសអូម៉ង់ ។ ដំណើរទស្សនកិច្ចរយៈពេលខ្លីរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថាន មានគោលបំណងបន្តការពិគ្រោះយោបល់ ជាមួយមន្ត្រីប៉ាគីស្ថាន ៕
