អ៊ីរ៉ង់បញ្ជាក់ថា ការពិភាក្សានៅក្នុងប្រទេសអូម៉ង់ រួមមានវិធី ដើម្បីធានា បាននូវការដឹកជញ្ជូន ដោយសុវត្ថិភាព តាមរយៈច្រកសមុទ្រហ័រមូស
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានឧ្យដឹងថា ការពិភាក្សា ដែលលោកបានធ្វើនៅទីក្រុង មូស្កាតមុននេះ ជាមួយមន្ត្រីអូម៉ង់ រួមមានវិធី ដើម្បីធានាការដឹកជញ្ជូន ដោយសុវត្ថិភាព តាមរយៈច្រកសមុទ្រហ័រមូស។
លោក Araghchi បានសរសេរនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ការពិភាក្សាសំខាន់ៗលើបញ្ហាទ្វេភាគី និងការអភិវឌ្ឍក្នុងតំបន់ ។ ក្នុងនាមជារដ្ឋជាប់សមុទ្រហ័រមូស ការផ្តោតអារម្មណ៍ របស់យើងរួមមានវិធី ដើម្បីធានាការ ដឹកជញ្ជូនដោយសុវត្ថិភាព ដែលជាផលប្រយោជន៍ របស់ប្រទេសជិតខាងជាទីស្រឡាញ់ទាំងអស់ និងពិភពលោក”។
យោងតាមក្រសួងការបរទេសអ៊ីរ៉ង់ លោក Araghchi បានទៅដល់ទីក្រុងមូស្កាត នៅថ្ងៃសៅរ៍ ហើយបានជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់អូម៉ង់ លើទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍក្នុងតំបន់នៅថ្ងៃអាទិត្យ បន្ទាប់ពីនោះលោកបានត្រឡប់ ទៅទីក្រុងអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថានវិញ សម្រាប់ដំណើរទស្សនកិច្ច លើកទីពីរក្នុងរយៈពេលប្រហែល ២៤ម៉ោង៕
