អេស្បាញព្រមានថា សង្គ្រាមនៅអ៊ីរ៉ង់ នឹង ទំលាក់កំណើន GDP ជាតិប្រមាណជា១ភាគរយ ហើយបង្កើន អត្រាអតិផរណាខ្លាំង
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច របស់ប្រទេសអេស្បាញ លោក Carlos Cuerpo កាលពីថ្ងៃអង្គារបានព្រមានថា ជម្លោះដែលកំពុងបន្តពាក់ព័ន្ធនឹង សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ អាចកាត់បន្ថយចន្លោះពី០,៤ភាគរយទៅ ១ភាគរយនៃ GDP របស់ប្រទេសក្នុងឆ្នាំ២០២៦នេះ ខណៈពេលដែលអតិផរណា ក៏នឹងកើនឡើងខ្លាំង។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោក Cuerpo បាននិយាយថា ធនាគារនៃប្រទេសអេស្បាញ បានប៉ាន់ប្រមាណសេណារីយ៉ូកណ្តាលប្រហែល០,៨ ភាគរយ ដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។
លោកបានបន្ថែមថា អតិផរណាអាចកើនឡើង ប្រហែល១ភាគរយដែលនាំមកនូវអតិផរណា ជាមធ្យមសម្រាប់ ឆ្នាំដល់ប្រហែល៣,១ភាគរយ ។
ការព្រមាននេះកើតឡើងនៅពេល ដែលអតិផរណាប្រចាំឆ្នាំ របស់ប្រទេសអេស្បាញបានស្ទុះងើបឡើង វិញរួចហើយដល់៣,៤ភាគរយ នៅក្នុងខែមីនា ដែលជំរុញភាគច្រើនដោយការកើនឡើងតម្លៃថាមពល ដែលបង្ហាញពីភាពរសើប របស់សេដ្ឋកិច្ចចំពោះការប៉ះទង្គិចខាងក្រៅ។
លោក Cuerpo បាននិយាយថា ៖ កម្រិតខ្ពស់ នៃភាពមិនច្បាស់លាស់ កំពុងបង្ខំអ្នកវិភាគឱ្យធ្វើការ ជាមួយសេណារីយ៉ូជាជាង ការព្យាករណ៍ ដោយព្រមានថាទស្សនវិស័យ សេដ្ឋកិច្ចនឹងកាន់តែយ៉ាប់យ៉ឺន នៅពេលដែលជម្លោះនៅតែបន្ត ៕
ប្រែសម្រួល៖ស៊ុនលី
