ព័ត៌មានអន្តរជាតិ

ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦តទៅ ចិននឹងអនុវត្តគោល នយោបាយ ពន្ធគយសូន្យភាគរយ ចំពោះរាល់ប្រទេសអាហ្វ្រិក ដែលបានបង្កើតទំនាក់ទំនងការទូត ជាមួយចិន

គណៈកម្មាធិការច្បាប់ ពន្ធគយ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញសេចក្តីប្រកាស នៅថ្ងៃទី២៨ខែមេសា ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៨ រដ្ឋាភិបាលចិន នឹងអនុវត្តគោលនយោបាយពន្ធគយសូន្យ ភាគរយតាមទម្រង់អត្រា ពន្ធអនុគ្រោះពិសេសចំពោះប្រទេសអាហ្វ្រិកចំនួន២០ ដែលបានបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន ហើយមិនមែនជាប្រទេសអភិវឌ្ឍន៍តិចតួច។ ចំពោះផលិតផលដែលស្ថិត នៅក្រោមកូតាពន្ធគយ គ្រាន់តែកាត់បន្ថយអត្រាពន្ធគយក្នុងកូតាមកត្រឹមសូន្យភាគរយប៉ុណ្ណោះ ខណៈពេលដែលអត្រាពន្ធគយ ក្រៅកូតាមិនកែប្រែ ។

តាមការអធិប្បាយឱ្យដឹងថា ចាប់ពីថ្ងៃទី១ខែឧសភា ឆ្នាំ២០២៦តទៅ ប្រទេសចិន នឹងក្លាយជាអង្គភាពសេដ្ឋកិច្ចសំខាន់ នៅលើពិភពលោក ដែលអនុវត្តគោល នយោបាយ អត្រាពន្ធគយសូន្យភាគរយ ដោយឯកតោភាគី និងគ្របដណ្តប់លើ រាល់ប្រទេសអាហ្វ្រិក ដែលបានបង្កើតទំនាក់ទំនងការទូត ជាមួយចិននិងប្រទេសអភិវឌ្ឍន៍តិចតួចទាំងអស់ ដែលបានបង្កើត ទំនាក់ទំនងការទូតជាមួយចិន ។

ទាក់ទងនឹងរឿងនេះ តំណាង នៃសហភាពអាហ្វ្រិក ប្រចាំនៅប្រទេសចិន បានបញ្ជាក់ថា វិធានការពន្ធគយសូន្យភាគរយ បាននាំមកនូវឱកាសជាក់ស្តែង ដល់ទ្វីបអាហ្វ្រិក ហើយក៏បង្កលក្ខណៈសម្បត្តិសម្រាប់ប្រទេសចិន ពង្រីកការវិនិយោគនៅទ្វីបអាហ្វ្រិកផងដែរ៕

To Top