ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ កំពុងថ្លឹងថ្លែងពីការកាត់បន្ថយកងទ័ព នៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីជម្លោះជាមួយលោក Friedrich​Merz

វ៉ាស៊ីនតោន៖​ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ ឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងសិក្សា និងពិនិត្យឡើងវិញ អំពីការកាត់បន្ថយកងទ័ព ដែលអាចកើតមាននៅក្នុងប្រទេសអាល្លឺម៉ង់។

នៅក្នុងការបង្ហោះមួយនៅលើ Truth Social លោក ត្រាំ បានឧ្យដឹងថា ការសម្រេចចិត្តនេះនឹងត្រូវ បានធ្វើឡើង ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងរយៈពេលខ្លីខាងមុខ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានវាយប្រហារគ្នាទៅវិញទៅមកលើសង្គ្រាមអ៊ីរ៉ង់។ លោក Merz បានរិះគន់សហរដ្ឋអាមេរិក​ ចំពោះការចូលរួមយោធា “គ្មានផែនការ” របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយថា សហរដ្ឋអាមេរិក “កំពុងត្រូវបានថ្នាក់ដឹកនាំអ៊ីរ៉ង់អាម៉ាស់”។

ជាការឆ្លើយតប លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីថ្ងៃអង្គារថា លោក Merz “មិនដឹងថា​ លោកកំពុងនិយាយអំពីអ្វីទេ” ហើយព្រងើយកន្តើយ ចំពោះមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។

កាលពីថ្ងៃពុធ លោក Friedrich​ Merz បានព្យាយាមបន្ថយជម្លោះ របស់លោកជាមួយលោក ត្រាំ ដោយលេីកឡេីងថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក​ ជាមួយប្រធានាធិបតីអាមេរិកនៅតែល្អ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៊ែរឡាំង លោកលេីកឡេីងថា រូបលោក និងលោក ត្រាំ នៅតែមានទំនាក់ទំនងល្អ ដោយបន្ថែមថា លោកគ្រាន់តែមានការសង្ស័យ​ តាំងពីដើមដំបូងមក ទាក់ទងនឹងសកម្មភាព​ ដែលបានចាប់ផ្តើម ជាមួយសង្គ្រាម ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top