ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ ចាប់ផ្តើមណែនាំកប៉ាល់ ​ចេញពីច្រកសមុទ្រហ័រមូស​

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា សហរដ្ឋអាមេរិក​ នឹងចាប់ផ្តើមណែនាំកប៉ាល់ ចេញពីច្រកសមុទ្រហ័រមូស​ នៅព្រឹកថ្ងៃច័ន្ទនេះ ម៉ោងនៅមជ្ឈិមបូព៌ា។​ ដោយហៅសកម្មភាពនេះថា “គម្រោងសេរីភាព” លោក ត្រាំ បានឧ្យដឹងថា វាគឺជា “កាយវិការមនុស្សធម៌”។

លោក ត្រាំ បានឧ្យដឹងនៅលើបណ្ដាញ​ Truth Social​ របស់លោកថា ប្រទេសមកពីជុំវិញពិភពលោក ដែលស្ទើរតែទាំងអស់មិនពាក់ព័ន្ធនឹងជម្លោះមជ្ឈិមបូព៌ា​ ដែលកំពុងកើតឡើងយ៉ាងច្បាស់លាស់ និងហិង្សា សម្រាប់មនុស្សគ្រប់គ្នាបានឃើញ បានស្នើសុំសហរដ្ឋអាមេរិកថា តើយើងអាចជួយដោះលែងកប៉ាល់របស់ពួកគេ ដែលត្រូវបានចាក់សោរនៅក្នុងច្រកសមុទ្រហ័រមូស លើអ្វីមួយដែលពួកគេមិនមានអ្វីពាក់ព័ន្ធទាល់តែសោះ ពួកគេគ្រាន់តែជាអ្នកឈរមើលអព្យាក្រឹត និងគ្មានកំហុស!”។

លោក​បាន​លេីកឡេីង​ថា «ដើម្បី​ប្រយោជន៍​របស់​អ៊ីរ៉ង់ មជ្ឈិមបូព៌ា និង​សហរដ្ឋអាមេរិក យើង​បាន​ប្រាប់​ប្រទេស​ទាំងនេះ​ថា យើង​នឹង​ដឹកនាំ​កប៉ាល់​របស់​ពួកគេ​ចេញ​ពី​ផ្លូវទឹក​ដែល​មាន​ការ​រឹតត្បិត​ទាំងនេះ​ដោយ​សុវត្ថិភាព ដើម្បី​ឲ្យ​ពួកគេ​អាច​បន្ត​អាជីវកម្ម​របស់​ពួកគេ​បាន​ដោយ​សេរី និង​ប្រកបដោយ​សមត្ថភាព»។

លោកបាន​បន្ថែម​ថា កប៉ាល់​ជាច្រើន​ក្នុង​ចំណោម​កប៉ាល់​ទាំងនេះ​កំពុង​ខ្វះខាត​ស្បៀងអាហារ និង​អ្វីៗ​ផ្សេងទៀត​ដែល​ចាំបាច់​សម្រាប់​ក្រុម​នាវិក​ទ្រង់ទ្រាយ​ធំ​ដើម្បី​នៅ​លើ​កប៉ាល់​ដោយ​មាន​សុខភាព​ល្អ និង​មាន​អនាម័យ។

លោក​បាន​ព្រមាន​ថា ប្រសិនបើដំណើរការ​មនុស្សធម៌​នេះ​ត្រូវ​បាន​ជ្រៀតជ្រែក ជាអកុសល ការជ្រៀតជ្រែក​នោះ​នឹង​ត្រូវ​ដោះស្រាយ​ដោយ​កម្លាំង។

ការប្រកាស​របស់​លោក បាន​កើតឡើង​នៅពេល​ដែល​អ៊ីរ៉ង់​ បាន​ឧ្យដឹង​ថា ខ្លួន​បាន​ទទួល និង​កំពុង​ពិនិត្យ​មើល​ការឆ្លើយតប​របស់​សហរដ្ឋអាមេរិក​ចំពោះ​សំណើ​សន្តិភាព ១៤ចំណុច​របស់ខ្លួន ទោះបីជា​លោក ត្រាំ​ បាន​ឧ្យដឹង​កាលពី​ថ្ងៃសៅរ៍​ថា លោកមិនអាច​ស្រមៃ​ថា​វាជាផែនការ​ នឹង​អាច​ទទួលយក​បាន​នោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top