រថយន្តមួយគ្រឿង បើកបុករះកណ្តាលទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់ បណ្តាលឲ្យមានមនុស្ស ២នាក់បាត់បង់ជីវិត
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយក្នុង ស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស២ នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុករះចូលហ្វូង មនុស្សនៅក្នុងទីក្រុង Leipzig ភាគខាងកើតប្រទេសអាល្លឺម៉ង់។
ឧបទ្ទវហេតុនេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅលើផ្លូវ Grimmaische Strasse ដែលជាផ្លូវដើរទិញទំនិញដ៏ច្រើនតភ្ជាប់ទីតាំងសំខាន់ៗជាមួយនឹងផ្សារក្នុងទីក្រុង។
ទូរទស្សន៍ក្នុងស្រុក Radio Leipzig បានរាយការណ៍ថា រថយន្ត Volkswagen SUV ដែលរងការខូចខាត ត្រូវបានគេមើលឃើញថា មានល្បឿនលឿនឆ្លងកាត់តំបន់ថ្មើរជើង ដោយមានមនុស្សម្នាក់នៅពីលើរថយន្ត។
អភិបាលក្រុង Leipzig លោក Burkhard Jung បានបញ្ជាក់ពីចំនួនអ្នកស្លាប់បឋម ដោយប្រាប់អ្នកសារព័ត៌មានថា តំបន់ជុំវិញត្រូវបានធានាសុវត្ថិភាព។
យ៉ាងណាក្តីយោងតាម Deutsche Welle ដែលដកស្រង់សម្តីរបស់ប៉ូលីសក្នុងរដ្ឋ Saxony អ្នកបើកបរត្រូវបានឃាត់ខ្លួន។
មកដល់ពេលនេះ នៅមិនច្បាស់ថា ឧបទ្ទវហេតុនេះ មានចេតនា ឬជាឧបទ្ទវហេតុនោះទេដោយ ការស៊ើបអង្កេតកំពុងបន្ត៕
ប្រែសម្រួល៖ស៊ុនលី
