អ៊ីរ៉ង់ អះអាងថា គ្មានដំណោះស្រាយយោធា ចំពោះវិបត្តិនយោបាយនោះទេ
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ព្រឹត្តិការណ៍នៅក្នុងច្រកសមុទ្រហ័រមូស បង្ហាញយ៉ាងច្បាស់ថា គ្មានដំណោះស្រាយយោធា ចំពោះវិបត្តិនយោបាយនោះទេ។
នៅក្នុងការបង្ហោះមួយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Araghchi បានឧ្យដឹងថា ខណៈពេលដែលការចរចា កំពុងមានវឌ្ឍនភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន «សហរដ្ឋអាមេរិកគួរតែប្រុងប្រយ័ត្ន ចំពោះការអូសទាញត្រឡប់ទៅក្នុងភាពច្របូកច្របល់ ដោយអ្នកដែលមានចេតនាអាក្រក់ ដូច្នេះអេមីរាត ក៏គួរតែធ្វើដូច្នេះដែរ»។
ការលេីកឡេីងរបស់លោក ធ្វេីឡេីងបន្ទាប់ពីលោក Brad Cooper ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឧ្យដឹងថា យោធាអាមេរិក បានលិចទូកតូចៗអ៊ីរ៉ង់ចំនួន ៦ គ្រឿងនៅច្រកសមុទ្រហ័រមូស។
លោក Cooper បានប្រាប់សន្និសីទសារព័ត៌មានមួយថា ទូកអ៊ីរ៉ង់ទាំងនោះត្រូវបានវាយប្រហារដោយឧទ្ធម្ភាគចក្រ Apache និង MH-60 Seahawk របស់សហរដ្ឋអាមេរិក។
ការវាយប្រហារនេះធ្វេីឡេីងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដឹកនាំនាវាចេញពីច្រកសមុទ្រហ័រមូស នៅព្រឹកថ្ងៃចន្ទ ម៉ោងនៅមជ្ឈិមបូព៌ា។
លោក Cooper បានបដិសេធថា មាន “អ្នកអមដំណើរ” នៃនាវាពាណិជ្ជកម្មដោយកងទ័ពជើងទឹកអាមេរិកនៅក្នុងច្រកសមុទ្រ ប៉ុន្តែបានឧ្យដឹងថា មន្ទីរបញ្ចកោណផ្តល់ការការពារ “ច្រើនស្រទាប់” សម្រាប់ពួកគេ។
លោកបានលេីកឡេីងថា «ប្រសិនបើអ្នកកំពុងអមដំណើរកប៉ាល់ នោះអ្នកកំពុងលេងមួយទល់នឹងមួយ។ ខ្ញុំគិតថាយើងមានការរៀបចំការពារកាន់តែប្រសើរឡើងក្នុងដំណើរការនេះ ដែលយើងមានស្រទាប់ច្រើនដែលរួមមានកប៉ាល់ ឧទ្ធម្ភាគចក្រ យន្តហោះ ការព្រមានជាមុនតាមអាកាស និងសង្គ្រាមអេឡិចត្រូនិក» ។
លោកបន្ថែមថា «យើងមានកញ្ចប់ការពារកាន់តែ ទូលំទូលាយជាងពេលណាៗទាំងអស់ ប្រសិនបើអ្នកគ្រាន់តែអមដំណើរ»៕
ប្រែសម្រួល ឈូក បូរ៉ា
