ព័ត៌មានអន្តរជាតិ

​ អាមេរិក​ នឹងផ្អាកប្រតិបត្តិការយោធារបស់ខ្លួន ដែលដឹកនាំកប៉ាល់ចេញ ពីច្រកសមុទ្រហ័រមូស

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា គម្រោង Freedom ដែលជាប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងដឹកនាំកប៉ាល់ ចេញពីច្រកសមុទ្រហ័រមូស នឹងត្រូវផ្អាក ដើម្បីមើលថាតើកិច្ចព្រមព្រៀងសន្តិភាព អាចសម្រេចបានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់​ ដែរឬអត់។

លោក ត្រាំ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា “ខណៈពេលដែលការបិទផ្លូវនឹងនៅតែមានសុពលភាពពេញលេញ គម្រោង Freedom (ចលនាកប៉ាល់ឆ្លងកាត់ច្រកសមុទ្រហ័រមូស) នឹងត្រូវផ្អាកក្នុងរយៈពេលខ្លី ដើម្បីមើលថាតើកិច្ចព្រមព្រៀងអាចត្រូវបានបញ្ចប់ និងចុះហត្ថលេខា​ ដែរឬអត់”។

លោក ត្រាំ បានលេីកឡេីងថា ការសម្រេចចិត្តនេះគឺផ្អែកលើសំណើរបស់ប៉ាគីស្ថាន និងប្រទេសដទៃទៀត ក៏ដូចជា “វឌ្ឍនភាពដ៏អស្ចារ្យ ដែលសម្រេចបានឆ្ពោះទៅរកកិច្ចព្រមព្រៀងពេញលេញ និងចុងក្រោយជាមួយតំណាងអ៊ីរ៉ង់”។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឧ្យដឹងថា យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមរួមគ្នាជាមួយអ៊ីស្រាអែល​ នៅថ្ងៃទី២៨​ ខែកុម្ភៈ គឺចប់ហើយ​ ខណៈដែលទីក្រុងវ៉ាស៊ីនតោន​ បានប្តូរការផ្តោតអារម្មណ៍ទៅ Project Freedom ក្នុងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីបើកផ្លូវទឹកថាមពលសកលដ៏សំខាន់ឡើងវិញ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top