ព័ត៌មានអន្តរជាតិ

​ គុយបា​ ថ្កោលទោស ការគំរាមកំហែងយោធា របស់សហរដ្ឋអាមេរិក​ ដែលមានចរិតឆេវឆាវ និងលាក់ពុត

ហាវ៉ាណា៖​ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឧ្យដឹងថា វាជាមានចរិតឆេវឆាវ និងលាក់ពុត សម្រាប់សហរដ្ឋអាមេរិក ក្នុងការគំរាមកំហែងប្រើប្រាស់កងកម្លាំងយោធា​ ដើម្បីរំដោះប្រទេសនេះ​ បន្ទាប់ពីការហាមឃាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាង​ ៦ទសវត្សរ៍ ។

លោក Rodriguez បានសរសេរនៅលើ X ថា «រដ្ឋាភិបាលសហរដ្ឋអាមេរិក​ ទទូចចង់បង្ហើបពីសកម្មភាពយោធាប្រឆាំងនឹងគុយបា ពីព្រោះប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញ​ ហើយវានឹងជាកិត្តិយសមួយក្នុងការរំដោះវា»។

លោកបានលេីកឡេីងថា «រឿងដែលមានលក្ខណៈឆេវឆាវ និង លាក់ពុតអំពីវាគឺថា សហរដ្ឋអាមេរិក​ បានចំណាយពេលរាប់ទសវត្សរ៍ ដើម្បីព្យាយាមបំផ្លិចបំផ្លាញ ប្រទេសនេះជាមួយនឹងសង្គ្រាមសេដ្ឋកិច្ច» ដោយបន្ថែមថា រដ្ឋបាលសហរដ្ឋអាមេរិក បច្ចុប្បន្នបានបង្កើនការបិទផ្លូវ បែបនេះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះតាមរយៈបទបញ្ជាប្រតិបត្តិ «ប្រល័យពូជសាសន៍»។

លោក​បាន​បន្ដថា «ទាំង​ការ​បិទ​ផ្លូវ​សេដ្ឋកិច្ច និង​ការ​ឡោមព័ទ្ធផ្នែក​ថាមពល ក៏ដូចជា​វិធានការ​បង្ខិតបង្ខំ​ក្រៅ​ទឹកដី​ថ្មី ការ​គំរាមកំហែង​នៃ​ការ​វាយប្រហារ​ដោយ​យោធា និង​ការ​ឈ្លានពាន​ គឺជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ»។

ថ្លែង​ក្នុង​ព្រឹត្តិការណ៍​ថ្មីៗ​មួយ​នៅ​ទីក្រុង Palm Beach រដ្ឋ Florida ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា សហរដ្ឋអាមេរិក​ ​នឹង​គ្រប់គ្រង​ប្រទេស​គុយបា​ ស្ទើរតែ​ភ្លាមៗ​ បន្ទាប់ពីបញ្ចប់​ការងារ​ ដោយ​សំដៅ​ទៅលើ​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​ ​នៅ​តំបន់មជ្ឈិមបូព៌ា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top