ព័ត៌មានអន្តរជាតិ

IRGC​ អ៊ីរ៉ង់ ព្រមាននាវាឱ្យប្រើប្រាស់ ច្រកសមុទ្រហ័រមូស ដែលកំណត់ដោយអ៊ីរ៉ង់ តែប៉ុណ្ណោះ

តេអេរ៉ង់៖ កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ អ៊ីស្លាម (IRGC) របស់ប្រទេសអ៊ីរ៉ង់​ បានបញ្ជាក់សារជាថ្មី នូវការព្រមានរបស់ខ្លួន ដល់នាវាទាំងអស់​ ដែលកំពុងស្វែងរកការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស ឱ្យប្រើប្រាស់ច្រកសមុទ្រ​ ដែលបានប្រកាសពីមុន ដោយប្រទេសនេះតែប៉ុណ្ណោះ​។

ខ្លួនបានចេញការព្រមាននេះនៅក្នុងការបង្ហោះមួយ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយសង្កត់ធ្ងន់ថា ការងាកចេញណាមួយដោយនាវាទៅកាន់ផ្លូវផ្សេងទៀត នឹងប្រឈមមុខនឹងសកម្មភាព “សម្រេចចិត្ត” របស់កងទ័ពជើងទឹក IRGC។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់​ បានដកស្រង់ប្រភពព័ត៌មាន ដែលមិនស្គាល់អត្តសញ្ញាណមួយថា នាវាពាណិជ្ជកម្ម អាមេរិកពីរគ្រឿង​ បានជាប់គាំងនៅភាគខាងត្បូង នៃច្រកសមុទ្រហ័រមូស ជិតឆ្នេរសមុទ្រអូម៉ង់ ដោយគ្មានផ្លូវទៅមុខ ឬថយក្រោយឡើយ។

អ៊ីរ៉ង់​ បានរឹតបន្តឹងការគ្រប់គ្រង របស់ខ្លួនលើច្រកសមុទ្រហ័រមូស ចាប់ពីថ្ងៃទី២៨​ ខែកុម្ភៈ នៅពេលដែលខ្លួនបានហាមឃាត់ ការឆ្លងកាត់ដោយសុវត្ថិភាពទៅកាន់នាវាដែលជាកម្មសិទ្ធិរបស់ ឬជាប់ពាក់ព័ន្ធជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នាលើទឹកដីអ៊ីរ៉ង់៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top