ព័ត៌មានអន្តរជាតិ

អេស្បាញអំពាវនាវឲ្យ EU ក្នុងការទប់ទល់ទៅ នឹងទណ្ឌកម្មរបស់លោក Trump

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអេស្បាញ លោក Pedro Sanchez បាននិយាយថា សហភាពអឺរ៉ុប​ EU គួរតែការពារតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងករណីរបស់ខ្លួន ប្រឆាំងនឹងឧក្រិដ្ឋកម្មសង្រ្គាម ដែលត្រូវបានចោទប្រកាន់របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សា។

នៅឆ្នាំ ២០២៤តុលាការ ICC បានចេញដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Yoav Gallant ជុំវិញការចោទប្រកាន់ថាបានប្រព្រឹត្តអំពើឃោរឃៅ ប្រឆាំងនឹងប៉ាឡេស្ទីននៅក្នុងរង្វង់ដោយកងកម្លាំង ការពារអ៊ីស្រាអែល។

បច្ចុប្បន្នយុត្តាធិការរបស់ ICC ត្រូវបានទទួលស្គាល់ដោយប្រទេសចំនួន១២៥រួចទៅហើយ ។ ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មិនមែនជាហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូមទេ។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃពុធលោក Sanchez បានសរសេរថា៖ការដាក់ទណ្ឌកម្មអ្នកដែលការពារយុត្តិធម៌អន្តរជាតិធ្វើឱ្យប្រព័ន្ធសិទ្ធិមនុស្សទាំងមូលមានហានិភ័យ។

រំលឹកដែរថាប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ទណ្ឌកម្មជាលើកដំបូងប្រឆាំងនឹង ICC ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ដោយចោទប្រកាន់តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេថាសកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋានដែលផ្តោតលើអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់យើងអ៊ីស្រាអែល៕

ប្រែសម្រួល៖ស៊ុនលី

To Top