លោក ណេតាន់យ៉ាហ៊ូ អះអាងថា អ៊ីស្រាអែលបានសម្របសម្រួល យ៉ាងពេញលេញជាមួយអាមេរិក លើបញ្ហាអ៊ីរ៉ង់ និងត្រៀមខ្លួនគ្រប់សេណារីយ៉ូ
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់ហ៊ូ បានបដិសេធរបាយការណ៍ដែលថា អ៊ីស្រាអែល ត្រូវបានរំខានដោយចលនាការទូតរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអ៊ីរ៉ង់ ដោយថា លោកកំពុងទាក់ទងជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្ទើរតែរាល់ថ្ងៃ ដើម្បីធានាបាននូវការសម្របសម្រួលពេញលេញ។
លោក ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា «យើងបន្តទាក់ទងជាមួយមិត្តភក្តិរបស់យើងនៅសហរដ្ឋអាមេរិក ខ្ញុំនិយាយជាមួយលោកប្រធានាធិបតី ត្រាំ ស្ទើរតែរាល់ថ្ងៃ។ ប្រជាជនរបស់ខ្ញុំ និងប្រជាជនរបស់លោក និយាយគ្នាជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃនេះផងដែរ»។
លោក ណេតាន់យ៉ាហ៊ូ បានលេីកឡេីងថា អ៊ីស្រាអែល «ត្រៀមខ្លួនសម្រាប់សេណារីយ៉ូទាំងអស់» ក្នុងការដោះស្រាយជាមួយអ៊ីរ៉ង់ ដោយបន្ថែមថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកមានគោលដៅដូចគ្នា «ដោយគោលដៅសំខាន់បំផុតគឺការដកយកសម្ភារៈចម្រាញ់ចេញពីអ៊ីរ៉ង់»។
មន្ត្រីអ៊ីស្រាអែល បានសម្តែងការគាំទ្រ ចំពោះការវាយប្រហារឡើងវិញលើអ៊ីរ៉ង់ ដោយអះអាងថា សមត្ថភាពនុយក្លេអ៊ែរ និងឃ្លាំងស្តុកមីស៊ីលផ្លោងរបស់ខ្លួននៅតែជាកង្វល់។
កាលពីព្រឹកថ្ងៃពុធ លោក ដូណាល់ ត្រាំ បានចេញឱសានវាទថ្មីមួយ ដោយប្រាប់អ៊ីរ៉ង់ឱ្យទទួលយកកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្គ្រាម ឬប្រឈមមុខនឹងរលកថ្មីនៃការទម្លាក់គ្រាប់បែក «ក្នុងកម្រិតខ្ពស់ និងអាំងតង់ស៊ីតេខ្ពស់ជាងមុន»៕
ប្រែសម្រួល ឈូក បូរ៉ា
