ព័ត៌មានអន្តរជាតិ

វិស័យអាកាសចរណ៍អឺរ៉ុប កំពុងប្រឈមមុខ នឹងវិបត្តិធ្ងន់ធ្ងរបំផុត ដោយសារជម្លោះ នៅមជ្ឈិមបូព៌ាកំពុងបន្ត ជំរុញឱ្យតម្លៃប្រេងឥន្ធនៈ យន្តហោះឡើងដល់កម្រិតខ្ពស់

បរទេស ៖ វិស័យអាកាសចរណ៍អឺរ៉ុប កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបំផុត ចាប់តាំងពីជំងឺរាតត្បាតឆ្នាំ ២០២០ ខណៈដែលជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងបន្ត គឺបានជំរុញឱ្យតម្លៃប្រេង ឥន្ធនៈយន្តហោះឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលច្រើនឆ្នាំ និងបង្ខំឱ្យក្រុមហ៊ុន អាកាសចរណ៍ធំៗផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ពួកគេ។ 

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ថា នៅក្នុងរបាយការណ៍ ប្រាក់ចំណូលត្រីមាសទីមួយរបស់ខ្លួនដែលបានចេញផ្សាយនៅថ្ងៃពុធ ក្រុមហ៊ុនអាកាសចរណ៍ជាតិអាល្លឺម៉ង់ Lufthansa បាននិយាយថា ខ្លួនបានការពារតម្រូវការប្រេងឥន្ធនៈយន្តហោះប្រហែល ៨០ ភាគរយ ។ ទោះបីជាមានវិធានការទាំងនេះក៏ដោយ ក៏ Lufthansa រំពឹងថា ថ្លៃដើមទាក់ទងនឹងប្រេងឥន្ធនៈនៅឆ្នាំ ២០២៦ នឹងកើនឡើង ១,៧ ពាន់លានអឺរ៉ូ (២ ពាន់លាន ដុល្លារអាមេរិក) ជិត ២៤ ភាគរយខ្ពស់ជាងការព្យាករណ៍ពីមុន ដែលភាគច្រើនត្រូវបាន ជំរុញដោយការកើនឡើងនៃតម្លៃថាមពល និងការរំខានដល់ទីផ្សារ អាកាសចរណ៍សកល។

ក្រុមនេះបាននិយាយថា ខ្លួនមានគម្រោងទូទាត់បន្ទុកបន្ថែម តាមរយៈប្រាក់ចំណូលពីតម្លៃសំបុត្រខ្ពស់ ការបង្កើនប្រសិទ្ធភាពបណ្តាញ និងវិធានការកាត់បន្ថយថ្លៃ ដើមបន្ថែមទៀតនៅក្នុងត្រីមាសខាងមុខ។

លោក Carsten Spohr នាយកប្រតិបត្តិក្រុមហ៊ុន Lufthansa បានមានប្រសាសន៍ថា “វិបត្តិដែលកំពុងបន្តនៅមជ្ឈិមបូព៌ា រួមផ្សំជាមួយនឹងការកើនឡើង នៃថ្លៃដើមប្រេងឥន្ធនៈ និងការរឹតបន្តឹងប្រតិបត្តិការ បានបង្កបញ្ហាប្រឈមដ៏ធំ សម្រាប់សេដ្ឋកិច្ចពិភពលោក ឧស្សាហកម្មអាកាសចរណ៍ និងក្រុមហ៊ុនរបស់យើង”។

To Top