ព័ត៌មានអន្តរជាតិ

​ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់​ ប៉ះទង្គិចគ្នាម្តងទៀត ខណៈដែលទីក្រុងវ៉ាស៊ីនតោនថា​ គ្មានចេតនាបង្កើនភាពតានតឹង

វ៉ាស៊ីនតោន៖ ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីបញ្ជាការកណ្តាល Khatam al-Anbiya បានឧ្យដឹងថា កងទ័ពសហរដ្ឋអាមេរិក​ បានវាយប្រហារនាវាអ៊ីរ៉ង់ ពីរគ្រឿងនៅជិតច្រកសមុទ្រហ័រមូស និងបានធ្វើការវាយប្រហារ តាមអាកាសក្នុងពេលដំណាលគ្នា លើតំបន់ស៊ីវិល នៅភាគខាងត្បូងអ៊ីរ៉ង់ ដោយសហការជាមួយរដ្ឋក្នុងតំបន់មួយចំនួន។

ការវាយប្រហារដោយកងទ័ព «ឈ្លានពាន និងភេរវកម្ម» របស់សហរដ្ឋអាមេរិក​ បានរំលោភលើបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក Ebrahim Zolfaghari អ្នកនាំពាក្យទីបញ្ជាការកណ្ដាលអ៊ីរ៉ង់។

លោក Zolfaghari បានលេីកឡេីងថា នាវាមួយក្នុងចំណោមនាវា​ ដែលត្រូវបានវាយប្រហារនោះ គឺជានាវាដឹកប្រេងមួយគ្រឿង ដែលធ្វើដំណើរចេញពីដែនទឹក របស់អ៊ីរ៉ង់នៅជិតទីក្រុង Jask ឆ្ពោះទៅកាន់ច្រកសមុទ្រហ័រមូស ខណៈដែលនាវាមួយគ្រឿងទៀត កំពុងចូលទៅក្នុងផ្លូវទឹកក្បែរ Fujairah ក្នុងប្រទេសអារ៉ាប់រួម ដោយបន្ថែមថា តំបន់ស៊ីវិលដែលត្រូវបានវាយប្រហាររួមមានតំបន់ Bandar-e Khamir និងតំបន់ Sirik ដែលតំបន់ទាំងពីរស្ថិតនៅក្នុងខេត្ត Hormozgan។

លោកបានកត់សម្គាល់ថា កងកម្លាំងប្រដាប់ អាវុធរបស់អ៊ីរ៉ង់​ បានសងសឹកភ្លាមៗដោយវាយប្រហារនាវា យោធាអាមេរិកនៅភាគខាងកើត នៃច្រកសមុទ្រហ័រមូស និងភាគខាងត្បូងនៃកំពង់ផែ Chabahar របស់អ៊ីរ៉ង់ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
លោកបានព្រមានថា អ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបយ៉ាងខ្លាំងក្លា​ ចំពោះការឈ្លានពានណាមួយដោយមិនស្ទាក់ស្ទើរឡើយ។

កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានឧ្យដឹងនៅព្រឹកថ្ងៃសុក្រថា កងកម្លាំងអ៊ីរ៉ង់បានធ្វើ «ប្រតិបត្តិការរួមបញ្ចូលគ្នាទ្រង់ទ្រាយធំ និងច្បាស់លាស់» ដោយប្រើមីស៊ីលផ្លោង មីស៊ីលប្រឆាំងនាវា និងយន្តហោះគ្មានមនុស្សបើកផ្ទុះ ដែលកំណត់គោលដៅនាវាពិឃាតអាមេរិក៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top