កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ផ្តោតសំខាន់លើបញ្ហាសន្តិសុខ ថាមពល ចំពេលមានវិបត្តិប្រេង ជាសកល
ម៉ានីល៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ បានចាប់ផ្តើមនៅខេត្តសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃសុក្រ ដោយផ្តោតលើសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋអាស៊ាន ទូទាំងពិភពលោក ជាអាទិភាពចម្បងរបស់ខ្លួន។
ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំ ប្រធានាធិបតីហ្វីលីពីនលក ហ្វឺឌីណាន់ រ៉ូម៉ាល់ដេស ម៉ាកូស ដែលជាប្រធានអាស៊ានឆ្នាំ២០២៦ បានឧ្យដឹងថា កិច្ចប្រជុំកំពូលនេះធ្វើឡើងនៅពេលវេលាដែលមានបញ្ហាប្រឈមជាច្រើន ដោយបន្ថែមថា ស្ថានភាពកាន់តែប្រែប្រួលនៅមជ្ឈិមបូព៌ា បានប៉ះពាល់ដល់ប្រជាជាតិអាស៊ាន ហើយភាពមិនប្រាកដប្រជាយ៉ាងខ្លាំងបានគំរាមកំហែង ដល់របៀបរស់នៅ ជីវភាពរស់នៅ និងជីវិត។
កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ បានធ្វើឡើងចំពេលមានការកើនឡើងនៃថ្លៃថាមពល និងការកើនឡើងនៃតម្លៃប្រេងនៅទូទាំងរដ្ឋជាសមាជិកអាស៊ាន ការរំខានយ៉ាងទូលំទូលាយនៅទូទាំងវិស័យជាច្រើន និងហានិភ័យសន្តិសុខកើនឡើង សម្រាប់ប្រជាពលរដ្ឋអាស៊ាននៅមជ្ឈិមបូព៌ា។
មេដឹកនាំមកពីរដ្ឋជាសមាជិកអាស៊ាន ក៏នឹងពិភាក្សា អំពីប្រធានបទនានា រួមទាំងការគាំទ្រ ដល់ការធ្វើសមាហរណកម្មពេញលេញ របស់ទីម័រខាងកើតទៅក្នុងប្លុកតំបន់ និងការវិវត្តចុងក្រោយបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
បង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ក្រុមនេះរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងទីម័រខាងកើត ដែលបានចូលរួមជាមួយប្លុកនេះនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅប្រទេសម៉ាឡេស៊ីកាលពីខែតុលា ឆ្នាំមុន៕
ប្រែសម្រួល ឈូក បូរ៉ា
