អ៊ីរ៉ង់ អះអាងថា ការវាយប្រហារលេីនាវា ពិឃាតអាមេរិក គឺជាការឆ្លើយតបទៅនឹងការរំលោភលើបទឈប់បាញ់របស់ទីក្រុងវ៉ាស៊ីនតោន
តេអេរ៉ង់៖ ទីស្នាក់ការ កណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់បានឧ្យដឹងថា សហរដ្ឋអាមេរិកបានរំលោភលើបទឈប់បាញ់ ដោយវាយប្រហារ តំបន់ជាច្រើន នៅក្នុងប្រទេសអ៊ីរ៉ង់ ហើយកងកម្លាំងអ៊ីរ៉ង់ បានឆ្លើយតបដោយការវាយ ប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងនាវាពិឃាត របស់សហរដ្ឋអាមេរិក នៅជិតច្រកសមុទ្រហ័រមូស។
ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីបញ្ជាការកណ្តាល Khatam al-Anbiya បានឧ្យដឹងថា កងទ័ពសហរដ្ឋអាមេរិក បានវាយប្រហារនាវាអ៊ីរ៉ង់ពីរគ្រឿងនៅជិតច្រកសមុទ្រហ័រមូស និងបានធ្វើការវាយប្រហារ តាមអាកាសក្នុងពេលដំណាលគ្នា លើតំបន់ស៊ីវិលនៅភាគខាងត្បូងអ៊ីរ៉ង់ ដោយសហការជាមួយរដ្ឋក្នុងតំបន់មួយចំនួន។
ការវាយប្រហារដោយកងទ័ព «ឈ្លានពាន និងភេរវកម្ម» របស់សហរដ្ឋអាមេរិក បានរំលោភលើបទឈប់បាញ់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក Ebrahim Zolfaghari អ្នកនាំពាក្យទីបញ្ជាការកណ្ដាលអ៊ីរ៉ង់។
លោក Zolfaghari បានលេីកឡេីងថា នាវាមួយក្នុងចំណោមនាវា ដែលត្រូវបានវាយប្រហារនោះ គឺជានាវាដឹកប្រេងមួយគ្រឿង ដែលធ្វើដំណើរចេញពីដែនទឹករបស់អ៊ីរ៉ង់ នៅជិតទីក្រុង Jask ឆ្ពោះទៅកាន់ច្រកសមុទ្រហ័រមូស ខណៈដែលនាវាមួយគ្រឿងទៀត កំពុងចូលទៅក្នុងផ្លូវទឹកក្បែរ Fujairah ក្នុងប្រទេសអារ៉ាប់រួម ដោយបន្ថែមថា តំបន់ស៊ីវិលដែលត្រូវបានវាយប្រហាររួមមានតំបន់ Bandar-e Khamir និងតំបន់ Sirik ដែលតំបន់ទាំងពីរស្ថិតនៅក្នុងខេត្ត Hormozgan។
លោកបានកត់សម្គាល់ថា កងកម្លាំងប្រដាប់ អាវុធរបស់អ៊ីរ៉ង់ បានសងសឹកភ្លាមៗដោយវាយប្រហារ នាវាយោធាអាមេរិកនៅភាគខាងកើត នៃច្រកសមុទ្រហ័រមូស និងភាគខាងត្បូងនៃកំពង់ផែ Chabahar របស់អ៊ីរ៉ង់ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
លោកបានព្រមានថា អ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការឈ្លានពានណាមួយដោយមិនស្ទាក់ស្ទើរឡើយ។
កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានឧ្យដឹងនៅព្រឹកថ្ងៃសុក្រថា កងកម្លាំងអ៊ីរ៉ង់បានធ្វើ «ប្រតិបត្តិការរួមបញ្ចូលគ្នាទ្រង់ទ្រាយធំ និងច្បាស់លាស់» ដោយប្រើមីស៊ីលផ្លោង មីស៊ីលប្រឆាំងនាវា និងយន្តហោះគ្មានមនុស្សបើកផ្ទុះ ដែលកំណត់គោលដៅនាវាពិឃាតអាមេរិក៕
