ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ អះអាងថា​ មិនទាន់មានការសន្និដ្ឋានណាមួយលើ សំណើសន្តិភាពរបស់អាមេរិកនៅឡើយទេ

តេអេរ៉ង់៖​ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា ប្រទេសលោកមិនទាន់ឈានដល់ការសន្និដ្ឋានលើសំណើសន្តិភាព របស់សហរដ្ឋអាមេរិកនៅឡើយទេ ហើយក៏មិនទាន់ឆ្លើយតបទៅទីក្រុងវ៉ាស៊ីនតោនដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA លោកបានកត់សម្គាល់ថា អ៊ីរ៉ង់នៅតែកំពុងពិនិត្យមើលសារដែលបានផ្លាស់ប្តូរតាមរយៈការ សម្របសម្រួលរបស់ប៉ាគីស្ថាន។

លោកបានលេីកឡេីងថា ការពិភាក្សាចុងក្រោយរបស់អ៊ីរ៉ង់ ជាមួយប៉ាគីស្ថានបានផ្តោតលើផែនការ ១៤ចំណុចដែលបានស្នើឡើងរបស់ទីក្រុងតេអេរ៉ង់​ ដើម្បីបញ្ចប់សង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលត្រូវបានបញ្ជូនទៅទីក្រុងវ៉ាស៊ីនតោនតាមរយៈទីក្រុងអ៊ីស្លាម៉ាបាដ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិក​ បានចែករំលែកទស្សនៈរបស់ខ្លួនលើសំណើរបស់អ៊ីរ៉ង់​ ក្នុងទម្រង់ជាផែនការមួយ។

អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ​ បានកត់សម្គាល់ថា អ៊ីរ៉ង់​ កំពុងពិនិត្យមើលសំណើរបស់សហរដ្ឋអាមេរិក ហើយនឹងបង្ហាញការឆ្លើយតបរបស់ខ្លួនទៅកាន់ប៉ាគីស្ថាននៅពេលដែលមានការសន្និដ្ឋាន។ លោកបានបន្ថែមថា ដោយផ្អែកលើការផ្លាស់ប្តូរសារទាំងនេះ ជំហានបន្ទាប់​ នឹងត្រូវបានសម្រេច៕


ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top