ព័ត៌មានអន្តរជាតិ

​ ប្រធានាធិបតីម៉ិកស៊ិក​ បដិសេធថា​ ស្ថានកុងស៊ុល​របស់ខ្លួន មិនជ្រៀតជ្រែកក្នុង នយោបាយអាមេរិកនោះទេ

ម៉ិកស៊ិក៖​ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធការអះអាងថា ស្ថានកុងស៊ុលម៉ិកស៊ិកនៅសហរដ្ឋអាមេរិក​ កំពុងជ្រៀតជ្រែកក្នុងនយោបាយ ក្នុងស្រុក ហើយគួរតែត្រូវបានពិនិត្យយ៉ាងម៉ត់ចត់។

លោកស្រី Sheinbaum បានឧ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “គំនិតដែលថាស្ថានកុងស៊ុលម៉ិកស៊ិក​ កំពុងចូលរួមក្នុងនយោបាយ នៅសហរដ្ឋអាមេរិក​ គឺមិនពិតទាំងស្រុង” ដោយសង្កត់ធ្ងន់ថា ដូចស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅម៉ិកស៊ិក ឬស្ថានកុងស៊ុលនៃប្រទេសដទៃទៀតដែរ តួនាទីរបស់ស្ថានកុងស៊ុលម៉ិកស៊ិក​ គឺគ្រាន់តែ “ការពារពលរដ្ឋរបស់ពួកគេ” ប៉ុណ្ណោះ។

ការកត់សម្គាល់របស់លោកស្រី​ បានកើតឡើងបន្ទាប់ពីរបាយការណ៍មួយដែលចាក់ផ្សាយដោយ CBS News ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក​ កំពុងស្វែងរកការស៊ើបអង្កេតស្ថានកុងស៊ុលម៉ិកស៊ិក និងអាចបិទស្ថានកុងស៊ុលមួយចំនួន បន្ទាប់ពីការស្លាប់របស់មន្ត្រី CIA អាមេរិកពីរនាក់ បន្ទាប់ពីប្រតិបត្តិការប្រឆាំងគ្រឿងញៀននៅភាគខាងជើងម៉ិកស៊ិកកាលពីខែមុន។

លោកស្រីបានលេីកឡេីងថា រដ្ឋាភិបាលម៉ិកស៊ិកមិនទាន់បានទទួលការជូនដំណឹងជាផ្លូវការណាមួយអំពីការពិនិត្យឡើងវិញ ឬការបិទស្ថានកុងស៊ុលដែលអាចកើតមាននោះទេ។

លោកបានបន្ដថា ស្ថានកុងស៊ុលជាង ៥០ របស់ម៉ិកស៊ិកនៅសហរដ្ឋអាមេរិក​ ផ្តល់ជំនួយ និងការការពារដល់ពលរដ្ឋម៉ិកស៊ិកនៅបរទេស ដោយអនុលោមតាមច្បាប់អន្តរជាតិ និងការអនុវត្តការទូតស្តង់ដារ។ «ពួកគេគោរពយ៉ាងខ្លាំង​ ចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិក»។

ការបង្ក្រាបអន្តោប្រវេសន៍របស់រដ្ឋបាលសហរដ្ឋអាមេរិក រួមទាំងការវាយឆ្មក់ប្រឆាំងនឹងជនអន្តោប្រវេសន៍​ ដែលគ្មានឯកសារ បាននាំឱ្យរដ្ឋាភិបាលម៉ិកស៊ិក​ ពង្រឹងសេវាកម្មកុងស៊ុលរបស់ខ្លួន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top