DAP News
ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស្តីទី វេណេស៊ុយអេឡា​ បដិសេធគំនិត​ ដែលថា វេណេស៊ុយអេឡា​ នឹងក្លាយជារដ្ឋមួយផ្សេងទៀត របស់សហរដ្ឋអាមេរិក

ការ៉ាកាស ៖​ ប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានបដិសេធគំនិត ដែលថាប្រទេសរបស់លោកស្រី​ អាចក្លាយជារដ្ឋមួយផ្សេងទៀត របស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព និងឯករាជ្យភាព របស់ប្រទេសវេណេស៊ុយអេឡា។

លោកស្រី Rodriguez បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅទីក្រុងឡាអេ ជាកន្លែងដែលលោកស្រី​ កំពុងចូលរួមសវនាការ នៅតុលាការយុត្តិធម៌អន្តរជាតិថា “នោះមិនត្រូវបានគ្រោងទុកនោះទេ ។ វានឹងមិនត្រូវបានគ្រោងទុកឡើយ ពីព្រោះប្រសិនបើមានរឿងមួយ​ ដែលយើងជាជនជាតិវេណេស៊ុយអេឡាមាន វាគឺជាសេចក្តីស្រឡាញ់ ចំពោះដំណើរការឯករាជ្យរបស់យើង”។

លោកស្រីបានលេីកឡេីងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ “ដឹងថាយើងបានធ្វើការលើរបៀបវារៈការទូតនៃកិច្ចសហប្រតិបត្តិការ” ដោយបន្ថែមថា ការទូតនៅតែជាមាគ៌ាឆ្ពោះទៅមុខ។

លោកស្រីបានបន្ដថា “យើងនឹងបន្តការពារសុចរិតភាព អធិបតេយ្យភាព ឯករាជ្យភាព ប្រវត្តិសាស្ត្ររបស់យើង ប្រវត្តិសាស្ត្រដែលជាសិរីរុងរឿងរបស់បុរស និងស្ត្រីដែលបានលះបង់ជីវិតរបស់ពួកគេ ដើម្បីឲ្យយើងអាចក្លាយជារដ្ឋមិនមែនអាណានិគមនោះទេ ប៉ុន្តែជាប្រទេសសេរី”៕

To Top