ប្រ៊ុចសែល ៖ សមាជិកសហភាពអឺរ៉ុប បានយល់ព្រមលើទណ្ឌកម្មថ្មី លើអ្នកតាំងលំនៅអ៊ីស្រាអែល ជុំវិញអំពើហិង្សាប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន បន្ទាប់ពីជាប់គាំងអស់រយៈពេលជាច្រើនខែ នេះបើយោងតាមអ្នកការទូត ជាន់ខ្ពស់របស់សហភាពអឺរ៉ុប។
លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានឧ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា រដ្ឋមន្ត្រីការបរទេសនៃសមាជិកសហភាពអឺរ៉ុប បានអនុម័តវិធានការនេះ។
ការសម្រេចចិត្តនេះកើតឡើងចំពេលមានអំពើហិង្សារបស់អ្នកតាំងលំនៅកើនឡើង និងការពង្រីកការតាំងលំនៅនៅក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល។ លោកស្រីបានលេីកឡេីងថា “វាដល់ពេលហើយដែលយើងត្រូវផ្លាស់ប្តូរពីភាពជាប់គាំងទៅជាការអនុវត្ត”។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប មិនទាន់បានបោះពុម្ពផ្សាយព័ត៌មានលម្អិតអំពីបុគ្គល និងអង្គភាព ដែលត្រូវកំណត់គោលដៅដោយទណ្ឌកម្មថ្មីនៅឡើយទេ។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានឧ្យដឹងនៅលើបណ្ដាញសង្គម X ផងដែរថា សហភាពអឺរ៉ុប កំពុងដាក់ទណ្ឌកម្មលើអង្គការអ៊ីស្រាអែលធំៗ និងមេដឹកនាំរបស់ពួកគេ ជុំវិញការគាំទ្ររបស់ពួកគេចំពោះ “អាណានិគមនិយមជ្រុល និងហិង្សានៅតំបន់ West Bank”។ លោកបាននិយាយថា ទង្វើធ្ងន់ធ្ងរ និងមិនអាចអត់ឱនបានបែបនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់។
ទោះជាយ៉ាងណាក៏ដោយ អ្នកការទូតសហភាពអឺរ៉ុបបានបរាជ័យក្នុងការឯកភាពលើវិធានការបន្ថែមទៀត រួមទាំងការហាមឃាត់ផលិតផលពីការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ឬការផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ជាមួយអ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា
