លោក ដូណាល់ ត្រាំ កំពុងពិចារណា ចាប់ផ្តើមប្រតិបត្តិការយោធាឡើងវិញ ដើម្បីអមកប៉ាល់ចេញ ពីច្រកសមុទ្រហ័រមូស
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកកំពុងពិចារណាចាប់ផ្តើមឡើងវិញ និងពង្រីកគម្រោង Project Freedom ដែលជាប្រតិបត្តិការយោធា របស់សហរដ្ឋអាមេរិក ដើម្បីអមកប៉ាល់ពាណិជ្ជកម្មឆ្លងកាត់ ច្រកសមុទ្រហ័រមូស។
លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់កាសែត Fox News ឧ្យដឹងថា ប្រសិនបើចាប់ផ្តើមឡើងវិញ គម្រោងនេះនឹងត្រូវបានធ្វើឡើងនៅពេលនេះ ជាមួយនឹងវិសាលភាពពង្រីកលើសពីការអមដំណើរកប៉ាល់ឆ្លងកាត់ផ្លូវទឹកសកលដ៏សំខាន់មួយនេះ។
ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមថា មិនទាន់មានការសម្រេចចិត្តចុងក្រោយថាតើត្រូវចាប់ផ្តើមគម្រោងនេះឡើងវិញ ឬអត់នោះទេ។ យោធាអាមេរិក បានចាប់ផ្តើមគម្រោងនេះកាលពីមួយសប្តាហ៍មុន ហើយលោក ត្រាំ បានផ្អាកវាក្នុងរយៈពេលតិចជាង ៤៨ម៉ោងក្រោយមក។
សេចក្តីព្រាងសំណើចុងក្រោយរបស់អ៊ីរ៉ង់សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក អំពាវនាវឱ្យមានការបញ្ឈប់ជម្លោះជាបន្ទាន់លើគ្រប់វិស័យ ការធានាសម្រាប់ការគ្មាន “ការឈ្លានពាន” ប្រឆាំងនឹងអ៊ីរ៉ង់ និងការលើកលែងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងការបិទផ្លូវកងទ័ពជើងទឹក៕
ប្រែសម្រួល ឈូក បូរ៉ា
