ប្រធានាធិបតីបណ្តោះអាសន្ន វេណេស៊ុយអេឡា បដិសេធគំនិតដែលប្រែក្លាយប្រទេស ទៅជារដ្ឋថ្មីរបស់សហរដ្ឋអាមេរិក
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez កាលពីថ្ងៃច័ន្ទ បានច្រានចោលគំនិតដែលថាប្រទេស របស់អ្នកស្រីអាចក្លាយជារដ្ឋមួយទៀត របស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព និងឯករាជ្យរបស់ប្រទេសវេណេស៊ុយអេឡា។
លោកស្រី Rodriguez បាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡាអេ ជាកន្លែងដែលនាងកំពុងចូលរួមដំណើរ ការនៅតុលាការយុត្តិធម៌អន្តរជាតិថា ៖ នោះមិនត្រូវបានគ្រោងទុកទេ។ វានឹងមិនត្រូវបានគ្រោងទុកនោះទេ ពីព្រោះប្រសិនបើមានរឿងមួយ ដែលយើងជនជាតិវេណេស៊ុយអេឡាមាន វាគឺជាសេចក្តីស្រឡាញ់ចំពោះដំណើរការឯករាជ្យរបស់យើង។
លោកស្រីបាននិយាយទៀតថា ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដឹងថាយើងកំពុងធ្វើការលើរបៀបវារៈការទូតនៃកិច្ចសហប្រតិបត្តិការ ដោយបន្ថែមថាការទូតនៅតែជាផ្លូវឆ្ពោះទៅមុខ។
លោកស្រីបានបន្ថែមថា៖យើងនឹងបន្តការពារបូរណភាព អធិបតេយ្យភាព ឯករាជ្យភាព ប្រវត្តិសាស្ត្ររបស់យើង ជាប្រវត្តិសាស្ត្រដែលជាសិរីរុងរឿងរបស់បុរស និងស្ត្រី ដែលបានលះបង់ជីវិតរបស់ពួកគេ ដើម្បីកុំឲ្យយើងក្លាយជាអាណានិគម ប៉ុន្តែជាប្រទេសសេរី៕
ប្រែសម្រួល៖ស៊ុនលី
