ប្រធាន FDA របស់អាមេរិកលោក Makary លាលែងពីតំណែង
សាន់ហ្វ្រាន់ស៊ីស្កូ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោក Marty Makary ស្នងការរដ្ឋបាលចំណីអាហារ និងឱសថ (FDA) របស់សហរដ្ឋអាមេរិក បានលាលែងពីតំណែង ហើយលោក Kyle Diamantas នឹងបម្រើការជាស្នងការស្តីទីរបស់ទីភ្នាក់ងារនេះ។
លោក ត្រាំ បានឧ្យដឹងនៅក្នុងសារមួយនៅលើបណ្ដាញ Truth Social របស់លោកថា “ខ្ញុំចង់ថ្លែងអំណរគុណដល់លោកវេជ្ជបណ្ឌិត Marty Makary ដែលបានធ្វើការងារដ៏អស្ចារ្យនៅ FDA”។ “មានរឿងជាច្រើនត្រូវបានសម្រេចក្រោមការដឹកនាំរបស់លោក។ លោកជាមនុស្សឧស្សាហ៍ព្យាយាម ដែលត្រូវបានគោរពដោយមនុស្សគ្រប់គ្នា ហើយនឹងបន្តមានអាជីពដ៏លេចធ្លោក្នុងវិស័យវេជ្ជសាស្ត្រ”។
លោក ដូណាល់ ត្រាំ បានបន្ថែមថា “លោក Kyle Diamantas ដែលជាមនុស្សមានទេពកោសល្យខ្លាំង នឹងត្រូវដាក់ឱ្យកាន់តំណែងស្តីទី នៃទីភ្នាក់ងារនេះបន្ដ”។
លោក Diamantas បានបម្រើការជាអនុប្រធានស្នងការទទួលបន្ទុកចំណីអាហាររបស់ FDA។ យោងតាម FDA លោកដឹកនាំកម្មវិធីអាហារមនុស្សរបស់ទីភ្នាក់ងារ ដោយត្រួតពិនិត្យសកម្មភាពអាហារូបត្ថម្ភ និងសុវត្ថិភាពចំណីអាហាររបស់ FDA។
ការចាកចេញរបស់លោក Makary បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ជាច្រើនសប្តាហ៍អំពីភាពតានតឹង ដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់នៃសេតវិមាន និងមន្ត្រីសុខាភិបាល ព្រមទាំងការត្រួតពិនិត្យលើការសម្រេចចិត្តជាច្រើនរបស់ FDA៕
ប្រែសម្រួល ឈូក បូរ៉ា
