ទំនាក់ទំនងល្អ រវាងចិននិងអាមេរិក គឺជាគន្លឹះ នៃការរក្សាសន្តិភាព និងវឌ្ឍនភាពពិភពលោក
ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា ចិននិងអាមេរិកជាមហាអំណាចសេដ្ឋកិច្ចលំដាប់កំពូល ដែលមានឥទ្ធិពលសំខាន់ ចំពោះនិន្នាការ នៃសេដ្ឋកិច្ចសកល ក៏ដូចជាស្ថានការណ៍ នៃសន្តិសុខនិងសន្តិភាពរបស់ពិភពលោក ។ អាស្រ័យហេតុនេះ ការវិវត្តនៃទំនាក់ទំនង រវាងប្រទេសទាំងពីរនេះ តែងតែជាចំណុចក្តៅដែលសហគមន៍ អន្តរជាតិផ្តោតការយកចិត្តទុកដាក់ជាពិសេស ។
យ៉ាងណាមិញ សង្គ្រាមពាណិជ្ជកម្ម និង សង្គ្រាមពន្ធគយ ដែលបំផុសឡើងដោយអាមេរិកតែងបង្ក ជាឧបសគ្គរារាំង ដល់ទំនាក់ទំនងជាប្រក្រតី រវាងប្រទេសទាំងពីរ រហូតដល់ធ្វើឱ្យមានភាពរកាំរកូសខ្លាំងនាពេលខ្លះ ដែលជះឥទ្ធិពលអវិជ្ជមានចំពោះសេដ្ឋកិច្ចនិងស្ថិរភាពពិភពលោកទៀតផង។ តួយ៉ាងដូចជា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានដាក់ចេញ «វិធានការពន្ធគយសកល» ដែលដំឡើងពន្ធគយខុសទំនង ចំពោះបណ្តាលប្រទេសនានា ជាពិសេសប្រទេសចិន ដែលធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីធ្លាក់ចុះដល់កម្រិតមិនធ្លាប់មាន ។
ដោយឡែក បញ្ហាតៃវ៉ាន់ ជាប្រធានបទគន្លឹះនៃទំនាក់ទំនងចិននិងអាមេរិក និងជាបន្ទាត់ក្រហមរបស់ចិនក្នុងកិច្ចការទូត ។ ប៉ុន្តែអាមេរិកដែលអះអាងថា ខ្លួនគោរពតាមគោលការណ៍ចិនមួយ បែរជាតែងមាន «ទំនាក់ទំនងផ្លូវការ»ជាមួយតៃវ៉ាន់ រហូតដល់ការលក់អាវុធឱ្យតៃវ៉ាន់ក្រោមលេសគ្រប់បែបយ៉ាង។ ការបំពានបន្ទាត់ក្រហមរបស់ចិនជារឿយៗ បានបង្កជារបាំងរារាំងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរជាប្រក្រតីរវាងប្រទេសទាំងពីរ និងបំផ្លាញដល់ទំនុកចិត្ត ខាងនយោបាយដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី ។
ជានិច្ចកាល អាមេរិក តែងចាត់ទុកចិនជាគូប្រជែងដ៏ធំខាងភូមិសាស្ត្រនយោបាយរបស់ខ្លួន និងជា«ឧបសគ្គ» រារាំងការធ្វើអនុវត្តភាព របស់ខ្លួននៅលើពិភពលោក ដោយសារតែចិនប្រកាន់ខ្ជាប់ពហុភាគីនិយម ពិភពលោកពហុប៉ូលនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ គំនិតផ្តួចផ្តើមធំៗរបស់ចិន សុទ្ធតែមានគោលបំណងពង្រឹង និងពង្រីកការតភ្ជាប់គ្នាជាសកល ព្រមនឹងធ្វើការជាមួយគ្នា ដើម្បីសម្រេចវឌ្ឍនភាព និងវិបុលភាពរួម ដែលផ្ទុយស្រឡះពីផ្នត់គំនិតល្បែង ផលបូកសូន្យ(ម្ខាងឈ្នះម្ខាងចាញ់ ម្ខាងចំណេញម្ខាងខាត)របស់អាមេរិក ក៏ដូចជាគោល នយោបាយ«អាមេរិកជាអាទិភាព» និងការបញ្ចុះបញ្ចូលឬបង្ខំឱ្យប្រទេសដទៃ ជ្រើសយកការឈរនៅម្ខាងណាមួយ។
យ៉ាងណាមិញ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងលើកឡើងក្នុងកិច្ចជំនួបជាមួយថ្នាក់ដឹកនាំអាមេរិកថា៖ «ពិភពលោកយើងធំទូលាយណាស់ ដែលអាចអនុញ្ញាតឱ្យចិន និងអាមេរិករួមរស់ជាមួយគ្នា ហើយធ្វើការអភិវឌ្ឍរៀងខ្លួននិងអភិវឌ្ឍរួមគ្នាបាន»។ ការលើកឡើងបែបនេះ ជាការសបញ្ជាក់ពីឆន្ទៈរបស់ចិនក្នុងការធ្វើការជាមួយអាមេរិកដើម្បីស្វែងរកផលប្រយោជន៍រួម បើទោះបីជាប្រទេសទាំងពីរមានអរិយធម៌ វប្បធម៌ ជាតិសាសន៍ និងគោលនយោបាយខុសគ្នាក្តី។ អាស្រ័យហេតុនេះ ចិនបានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសចិនចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ដែលជាដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៅចិនបន្ទាប់ពីរំលងអស់៩ ឆ្នាំ។
ប្រទេសចិនចង់បង្ហាញទៅកាន់អាមេរិកនិងពិភពលោកថា ចិនត្រៀមខ្លួនធ្វើការជាមួយគ្រប់ប្រទេសទាំងអស់ ក្នុងនោះក៏បូករួមទាំងអាមេរិកផងដែរ។ តាមរយៈដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិកលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ នឹងផ្លាស់ប្តូរទស្សនយ៉ាងស៊ីជម្រៅ អំពីទំនាក់ទំនង រវាងចិននិងអាមេរិក ព្រមទាំងបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនិងសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក។ បើតាមក្រសួងការបរទេសចិន ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីអាមេរិកដោយផ្អែកលើស្មារតីនៃសមភាព ការគោរពគ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងគ្រប់គ្រងនិងដោះស្រាយការខ្វែងគំនិតឱ្យបានសមរម្យ ។
អ្វីដែលជាការរំពឹងទុក របស់សហគមន៍អន្តរជាតិ គឺមហាអំណាចទាំងពីរអាចឈានដល់គំនិតឯកភាពរួមក្នុងបញ្ហាសំខាន់ៗ ដើម្បីផ្តល់នូវជំនឿចិត្តនិង បំពេញបន្ថែមស្ថិរភាពនិង ភាពប្រាកដប្រជាសម្រាប់ពិភពលោកបច្ចុប្បន្នដែលបាននិងកំពុងកើតមានភាពរង្គោះរង្គើ។ ប្រសិនជាភាគីទាំងពីរសុទ្ធ តែបង្ហាញពីភាពស្មោះត្រង់ នោះជឿជាក់ថាដំណើរទស្សនកិច្ចលើកនេះប្រាកដជានឹងទទួលបានលទ្ធផលជាផ្លែផ្កាដូចការរំពឹងទុកមិនខាន។
ពិភពលោកបច្ចុប្បន្នមិនមែនជា«ពិភពច្បាប់ព្រៃ»ដែលខ្លាំងស៊ីខ្សោយដូចសម័យមុននោះទេ ពោលគឺគ្មានអធិរាជដែលធំលើសគេទេ មានតែប្រទេសតូចធំដែលមានសិទ្ធិស្មើគ្នា ។ ភពផែនដីជារបស់មនុស្សជាតិទាំងមូល មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេស កម្លាំងឬបុគ្គលណានោះទេ ហើយក៏គ្មានប្រទេស កម្លាំងឬបុគ្គលណា ដែលអាចដោះស្រាយបញ្ហាសកលដោយឯកឯងនោះដែរ ពោលគឺការដោះស្រាយបញ្ហាសកល ត្រូវមានការចូលរួមពីគ្រប់ភាគី ដើម្បីប្រមូលផ្តុំទាំងពុទ្ធិនិងផែនការ ដែលអាចអនុវត្តបាននិងមានប្រសិទ្ធភាព។ ក្នុងនោះ បើសិនជាប្រទេសដ៏មានឥទ្ធិពល ទាំងពីរចិននិងអាមេរិក អាចអង្គុយចុះមកពិភាក្សាគ្នា ហើយធ្វើការជាមួយគ្នាដោយស្មោះត្រង់ នោះជាការរួមចំណែកដ៏ធំ សម្រាប់ការជំរុញនិង រក្សាសន្តិភាពនិងវឌ្ឍនភាពនៃពិភពលោក៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
