ព័ត៌មានអន្តរជាតិ

លោក Xi ​Jinping ​ប្រធានរដ្ឋចិន ​ជួប​ពិភាក្សា​ការងារ ​ជាមួយលោក ​Emomali ​Rahmon ​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​

រសៀល​ថ្ងៃទី១២​ខែឧសភា ​លោក Xi ​Jinping ​ប្រធានរដ្ឋចិន ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Emomali ​Rahmon ​ប្រធានាធិបតី​តាហ្ស៊ីគីស្ថាន​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ នៅ​ប្រទេសចិន​ នៅវិមាន​សភាប្រជាជន​ក្រុងប៉េកាំង ។

លោក Xi ​Jinping ​បានលើកឡើងថា ​ឆ្នាំនេះជា​ការចាប់ផ្តើម​អនុវត្ត ​“ផែនការ​អភិវឌ្ឍន៍​ជាតិ៥ឆ្នាំទី១៥”​របស់ចិន ​ភាគី​តាហ្ស៊ីគីស្ថាន​ក៏ខិតខំប្រឹងប្រែង​ពេញទំហឹងក្នុង​ការជំរុញ ​“យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិមុនឆ្នាំ​២០៣០”​ដែរ ។ ​ភាគីទាំងពីរ​គួរតែ​តភ្ជាប់យ៉ាង​ស៊ីជម្រៅ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ ​​ពង្រឹងនិន្នាការ​ដ៏ល្អប្រសើរនៃ​កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ​ធានាការអនុវត្ត​គម្រោង​សំខាន់ៗ​ ​ធ្វើឱ្យ​ស៊ីជម្រៅនូវ​ការផ្លាស់ប្តូរ​រវាងប្រជាជន​និងប្រជាជន​ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ខាងសន្តិសុខ​និង​ការអនុវត្ត​ច្បាប់ ។ ​ភាគីចិន​រីករាយ​ធ្វើការ​ជាមួយភាគី​តាហ្ស៊ីគីស្ថាន ​ដើម្បីជំរុញ​ការកសាង​សហគមន៍រួម​វាសនា​ចិន-តាហ្ស៊ីគីស្ថាន​ដែលកាន់តែ​ជិតស្និទ្ធ ដើម្បី​ផ្តល់ផលប្រយោជន៍​កាន់តែ​ច្រើនជូនដល់​ប្រជាជន​នៃប្រទេសទាំងពីរ ។

ជាការឆ្លើយតប ​លោក Emomali ​Rahmon ​បានថ្លែងថា ​តំបន់តៃវ៉ាន់ជា​ផ្នែកមួយ​ដែលមិន​អាច​កាត់ផ្តាច់បាន​របស់ចិន ​ភាគីតាហ្ស៊ីគីស្ថាន​គោរព​គោលការណ៍​ចិន​មួយយ៉ាង​ម៉ឺងម៉ាត់​ ។ ​ភាគីតាហ្ស៊ីគីស្ថាន​រំពឹងទុកបង្កើន​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុងវិស័យ​រ៉ែគន្លឹះ ​បញ្ញាសិប្បនិម្មិត​និងការច្នៃប្រឌិតថ្មី​ខាងវិទ្យាសាស្ត្រនិង​បច្ចេកវិទ្យាជាដើម​ជាមួយ​ភាគីចិន​ ក៏ដូចជា​ផ្តល់​ភាពងាយស្រួល​ដល់ការ​ផ្លាស់ប្តូរ​​​ប្រជាជននិង​ប្រជាជន​ និង​បង្កើន​ការផ្លាស់ប្តូរ​ខាង​ការអប់រំ​ ដើម្បីជំរុញ​ឱ្យទំនាក់ទំនង​រវាងប្រទេសទាំងពីរ​ទទួលបាន​ការអភិវឌ្ឍ​កាន់តែ​ធំ ។

បន្ទាប់ពី​កិច្ចជំនួបនេះ​ ប្រមុខរដ្ឋនៃ​ប្រទេស​ទាំងពីរបាន​ចុះហត្ថលេខា​ដើម្បី​​ប្រកាសឱ្យ​ប្រើប្រាស់​《សន្ធិសញ្ញាស្តីពី​កិច្ចសហប្រតិបត្តិការ​​មិត្តភាព​និង​សុខដុមនីយកម្ម​ជាមួយ​ប្រទេស​ជិត​ខាង​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិននិង​សាធារណរដ្ឋ​តាហ្ស៊ីគីស្ថាន​》និង​《សេចក្តី​ថ្លែងការណ៍រួម​រវាង​សាធារណរដ្ឋ​ប្រជាមានិត​ចិននិង​សាធារណរដ្ឋ​តាហ្ស៊ីគីស្ថានស្តីពី​ការធ្វើឱ្យ​ស៊ីជម្រៅនូវ​ទំនាក់ទំនង​ភាពជាដៃគូ​សហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​​គ្រប់ជ្រុងជ្រោយ​ក្នុង​យុគសម័យថ្មី》 ៕

To Top