បទវិភាគ ៖ ការទូតប្រមុខរដ្ឋចង្អុល បង្ហាញទិសដៅ ទំនាក់ទំនងចិន-អាមេរិក ទន្ទឹងរង់ចាំ “ការចាប់ផ្តើមថ្មីនៅក្រុងប៉េកាំង”
តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោកត្រាំ ប្រធានាធិបតីអាមេរិកនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែឧសភានេះ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹងទំនាក់ទំនងចិន-អាមេរិក ព្រមទាំងសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ។ មុនពេលចេញដំណើរ លោកប្រធានាធិបតីត្រាំបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា លោករំពឹងទុកយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចនៅប្រទេសចិនលើកនេះ ។

ក្នុងនាមជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយនៅលើពិភពលោកបច្ចុប្បន្ន ទំនាក់ទំនងចិន-អាមេរិកមានភាពល្អប្រសើរឬអត់ វានឹងជះឥទ្ធិពលដោយផ្ទាល់ដល់ស្ថិរភាពពិភពលោក ។ សហគមន៍អន្តរជាតិបានរំពឹងទុកជាទូទៅថា កិច្ចជំនួបរវាងថ្នាក់ដឹកនាំចិននិងអាមេរិកនឹងបន្តណែនាំនាវាយក្សនៃទំនាក់ទំនងចិន-អាមេរិកឱ្យឆ្ពោះទៅមុខដោយនឹងនរ ធ្វើឱ្យប្រទេសទាំងពីរក្លាយជាដៃគូនិងមិត្តភក្តិ ដើម្បីនាំមកនូវក្តីរំពឹងទុកប្រកបដោយស្ថិរភាពដល់ពិភពលោក ។
ជានិច្ចកាល ការទូតប្រមុខរដ្ឋតែងតែជាយុថ្កាសម្រាប់លំនឹងទំនាក់ទំនងចិន-អាមេរិក ។ ចាប់តាំងពីលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកម្តងទៀតមក ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងអាមេរិកបានធ្វើអន្តរកម្មដ៏សំខាន់ចំនួន៧លើក ដែលជំរុញទំនាក់ទំនងចិន-អាមេរិកឱ្យសម្រេចបាននូវស្ថិរភាពជាទូទៅ ។
គួរបញ្ជាក់ថា បើចង់រក្សាឱ្យនាវាយក្សនៃទំនាក់ទំនងចិន-អាមេរិកឆ្ពោះទៅមុខដោយនឹងនរ នោះ បញ្ហាដ៏សំខាន់បំផុតគឺត្រូវដោះស្រាយបញ្ហាតៃវ៉ាន់ឱ្យបានល្អ ។ នេះជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងចិន-អាមេរិក ហើយក៏ជាចំណុចហានិភ័យដ៏ធំបំផុតក្នុងទំនាក់ទំនងចិន-អាមេរិកផងដែរ ។ ភាគីអាមេរិកគួរតែយល់ថា តំបន់តៃវ៉ាន់ជាទឹកដីរបស់ប្រទេសចិន ភាគីចិនចាំបាច់ត្រូវគាំពារអធិបតេយ្យភាពនិងបូរណភាពដែនដីជាតិ ដោយមិនអនុញ្ញាតឱ្យតំបន់តៃវ៉ាន់ត្រូវបំបែកចេញជាដាច់ខាតឡើយ ។ ភាគីអាមេរិកត្រូវតែដោះស្រាយបញ្ហាលក់អាវុធឱ្យតំបន់តៃវ៉ាន់យ៉ាងមធ្យ័ត ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរលើទូទាំងពិភពលោក ទំហំសេដ្ឋកិច្ចសរុបរបស់ចិននិងអាមេរិកមានចំនួនលើសពីមួយភាគបីនៃទូទាំងពិភពលោក ហើយទំហំពាណិជ្ជកម្មទំនិញប្រហែលត្រូវជាមួយភាគប្រាំនៃពិភពលោកទាំងមូល ។ សហគមន៍អន្តរជាតិរំពឹងថា កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មអាចបន្តក្លាយជាឧបករណ៍ជំរុញនិងជាយុថ្កាសម្រាប់លំនឹងនាវានៃទំនាក់ទំនងចិន-អាមេរិក ដើម្បីធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានទំនុកចិត្ត ។
តាមលទ្ធផលស្ទង់មតិដែលប្រកាសដោយសភាពាណិជ្ជកម្មអាមេរិកនៅចិននៅខែមករាឆ្នាំនេះឱ្យដឹងថា សហគ្រាសទុនអាមេរិកចំនួនជិត៦០ភាគរយដែលចូលរួមការស្ទង់មតិមានផែនការបង្កើនការវិនិយោគនៅប្រទេសចិន ។ តាមការទម្លាយរបស់ប្រព័ន្ធសារព័ត៌មានអាមេរិកឱ្យដឹងថា នឹងមានមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ក្រុមហ៊ុនអាមេរិកអមដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីត្រាំនៅប្រទេសចិនលើកនេះ ។ អ្នកផងទាំងពួងបានរំពឹងទុកចិននិងអាមេរិកអាចដើរស្របតាមទិសដៅជាមួយគ្នា កាត់បន្ថយបញ្ជីបញ្ហាជាបន្តបន្ទាប់ និងធ្វើឱ្យបញ្ជីកិច្ចសហប្រតិបត្តិការកាន់តែច្រើន ដើម្បីលំនឹងស្ថានភាពទូទៅនៃសេដ្ឋកិច្ចសកល។
បើនិយាយចំពោះប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិក ឆ្នាំ២០២៦គឺជាឆ្នាំមិនធម្មតាទេ។ ចិនចាប់ផ្តើមអនុវត្ត“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ហើយសហរដ្ឋអាមេរិកនឹងអបអរខួបទី២៥០ឆ្នាំនៃការបង្កើតប្រទេសជាតិ ។ ប្រទេសទាំងពីរក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនិងកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំប្រទេស G20 ដោយឡែកពីគ្នាដែរ ។ កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកដែលបើកធ្វើនៅឆ្នាំគន្លឹះនេះ វាមិនត្រឹមតែជាការបូកសរុបពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចាប់ផ្តើមសម្រាប់ឆ្ពោះទៅរកអនាគតផងដែរ ។
ផែនដីយើងធំទូលាយ ដែលអនុញ្ញាតឱ្យចិននិងអាមេរិករួមគ្នាអភិវឌ្ឍនិងទទួលវឌ្ឍនភាពរៀងៗខ្លួន ។ អ្នកផងទាំងពួងរំពឹងទុកថា ចេញដំណើរពីក្រុងប៉េកាំង កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិកនឹងបន្តណែនាំនាវាយក្សនៃទំនាក់ទំនងចិន-អាមេរិកឱ្យឆ្លងកាត់ព្យុះភ្លៀង និងឆ្ពោះទៅមុខដោយនឹងនរ ដើម្បីបំពេញបន្ថែមស្ថិរភាពនិងភាពប្រាកដប្រជាដ៏មានតម្លៃសម្រាប់ពិភពលោកដែលមានភាពរង្គោះរង្គើខ្លាំង ៕
