ចិនជំរុញឱ្យប៉ាគីស្ថាន ពង្រឹងការសម្របសម្រួលអ៊ីរ៉ង់ ក្នុងការបេីកច្រកសមុទ្រហ័រមូស
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យប៉ាគីស្ថាន បង្កើនកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល និងចូលរួមចំណែកដោះស្រាយបញ្ហាទាក់ទងនឹងការបើកច្រកសមុទ្រហ័រមូស ឱ្យបានត្រឹមត្រូវ។
លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការអំពាវនាវនេះនៅពេលនិយាយជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar តាមទូរស័ព្ទ។
ពាក់ព័ន្ធនឹងកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ មកដល់ពេលនេះ អ៊ីរ៉ង់ បានបញ្ជាក់ថាខ្លួននឹងមិនចូលរួមការចរចា ជុំទីពីរជាមួយសហរដ្ឋអាមេរិក នោះទេ លុះត្រាតែលក្ខខណ្ឌជាមុន ៥ចំណុចដែលមានគោលបំណង កសាងទំនុកចិត្តត្រូវបានបំពេញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់។
ប្រភពព័ត៌មានបានពិពណ៌នាអំពីលក្ខខណ្ឌទាំងនោះថាជា “ការធានាកសាងទំនុកចិត្តអប្បបរមា” ដែលតម្រូវមុនពេលការចរចាថ្មីណាមួយជាមួយទីក្រុងវ៉ាស៊ីនតោន អាចចាប់ផ្តើម។
យោងតាមប្រភពព័ត៌មាន លក្ខខណ្ឌទាំងនោះរួមមានការបញ្ចប់អរិភាពលើគ្រប់វិស័យ ជាពិសេសនៅក្នុងប្រទេសលីបង់; ការដកទណ្ឌកម្មលើអ៊ីរ៉ង់; ការដោះលែងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលត្រូវបានបង្កក; សំណងដល់អ៊ីរ៉ង់ ចំពោះការខូចខាតដោយសង្គ្រាម; និងការទទួលស្គាល់ សិទ្ធិអធិបតេយ្យភាព របស់អ៊ីរ៉ង់លើច្រកសមុទ្រហ័រមូស។
ប្រភពព័ត៌មានបានឧ្យដឹងថា ការទាមទារទាំងនោះត្រូវបានបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីឆ្លើយតបទៅនឹងសំណើចំនួន ១៤ ចំណុចរបស់សហរដ្ឋអាមេរិក។
ប្រភពដដែលក៏បានឧ្យដឹងផងដែរថា អ៊ីរ៉ង់បានជូនដំណឹងដល់ប្រទេសប៉ាគីស្ថាន ដែលកំពុងសម្របសម្រួលកិច្ចចរចាថា ការបិទផ្លូវកងទ័ពជើងទឹកអាមេរិកជាបន្តបន្ទាប់នៅក្នុងសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់ បន្ទាប់ពីបទឈប់បាញ់បានពង្រឹងទស្សនៈរបស់ទីក្រុងតេអេរ៉ង់ថា ការចរចាជាមួយទីក្រុងវ៉ាស៊ីនតោនមិនអាចទុកចិត្តបាន។
ប្រភពដដែលបានបន្ដថា លក្ខខណ្ឌទាំងនេះត្រូវបានបម្រុង ទុកសម្រាប់តែការបង្កើត កម្រិតអប្បបរមា នៃការជឿទុកចិត្ត ដែលត្រូវការ ដើម្បីបន្តការសន្ទនាប៉ុណ្ណោះ ។ អ៊ីរ៉ង់ បានផ្ញើការឆ្លើយតបរបស់ខ្លួន ចំពោះសេចក្តីព្រាងសំណើចុង ក្រោយបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់បញ្ចប់ជម្លោះទៅកាន់អ្នកសម្របសម្រួលប៉ាគីស្ថាន នៅថ្ងៃអាទិត្យ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានគូសបញ្ជាក់ថា សំណើរបស់ទីក្រុងតេអេរ៉ង់ គ្រាន់តែស្វែងរកការធានាសិទ្ធិ “ស្របច្បាប់” របស់ប្រជាជនអ៊ីរ៉ង់តែប៉ុណ្ណោះ៕
ប្រែសម្រួល ឈូក បូរ៉ា
