ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់​ ដាក់ពាក្យប្តឹងសហរដ្ឋអាមេរិក តុលាការអាជ្ញាកណ្តាល អចិន្ត្រៃយ៍ ពីបទវាយប្រហារ រោងចក្រ នុយក្លេអ៊ែរ និងការដាក់ទណ្ឌកម្ម

តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់​ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសហរដ្ឋអាមេរិកនៅតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) ក្នុងទីក្រុងឡាអេ ពីបទឈ្លានពានយោធា របស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការគំរាមកំហែង នៃសកម្មភាពយោធា ប្រឆាំងនឹងប្រទេសនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Mizan នៃតុលាការអ៊ីរ៉ង់ បណ្តឹងនេះត្រូវបានដាក់ទៅ PCA ក្នុងខែកុម្ភៈ ដោយលើកឡើងពីការរំលោភ លើកិច្ចព្រមព្រៀងអាល់ហ្សេរីឆ្នាំ១៩៨១ និងការរំលោភលើការប្តេជ្ញាចិត្ត អន្តរជាតិរបស់សហរដ្ឋអាមេរិក​ ក្នុងអំឡុងពេលសង្គ្រាមរយៈពេល១២ថ្ងៃប្រឆាំងនឹងអ៊ីរ៉ង់​ ក្នុងខែមិថុនា ឆ្នាំ២០២៥។

យោងតាមសារព័ត៌មាន ​​Mizan អ៊ីរ៉ង់បានទាមទារឱ្យតុលាការកាត់ទោស សហរដ្ឋអាមេរិកពីបទ ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន និងបញ្ជាឱ្យរដ្ឋាភិបាលអាមេរិក​ បញ្ចប់ការជ្រៀតជ្រែកដោយផ្ទាល់ និងដោយប្រយោលរបស់ខ្លួនជាបន្ទាន់។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា អ៊ីរ៉ង់​ ក៏​បាន​ទាមទារ​ឲ្យ​សហរដ្ឋអាមេរិក​ផ្តល់​ការ​ធានា​ថា ខ្លួន​នឹង​មិន​ធ្វើ​សកម្មភាព​ទាំងនោះ​ម្តង​ទៀត​ឡើយ និង​សង​សំណង​ពេញលេញ​សម្រាប់​ការ​ខូចខាត​ដែល​បាន​បង្ក​ឡើង​លើ​អ៊ីរ៉ង់។

អ៊ីរ៉ង់​បាន​ចុះ​ហត្ថលេខា​លើ​ផែនការ​សកម្មភាព​រួម​ដ៏​ទូលំទូលាយ (JCPOA) ក្នុង​ខែ​កក្កដា ឆ្នាំ២០១៥ ដែល​បាន​ដាក់​ការ​រឹតត្បិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា ​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top