DAP News
ព័ត៌មានអន្តរជាតិ

UAE បដិសេធអំពីរបាយការណ៍ ដែលអះអាងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បំពេញទស្សនកិច្ច ដោយសំងាត់ មកកាន់ទឹកដីរបស់ខ្លួន

បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថាសហភាពអេមីរ៉ាត់អារ៉ាប់រួម ឬUAE កាលពីថ្ងៃពុធ បានបដិសេធរបាយការណ៍ នៃដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ទៅកាន់ប្រទេសនេះ ដោយកត់សម្គាល់ថារបាយការណ៍ ដែលអះអាងថា UAE បានទទួលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ឬគណៈប្រតិភូយោធាអ៊ីស្រាអែល ណាមួយគឺមិនពិតនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ក្រសួងការបរទេសអារ៉ាប់រួមបាននិយាយថា ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែលត្រូវបានធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង Abraham ដែលត្រូវបានគេស្គាល់ជាសាធារណៈ មិនមែនផ្អែកលើការរៀបចំសម្ងាត់នោះទេ។

ក្រសួងបានបន្ថែមថា ការទាមទារណាមួយទាក់ទងនឹងដំណើរទស្សនកិច្ចដែលមិនបានប្រកាស ឬការរៀបចំក្រៅផ្លូវការគឺ គ្មានមូលដ្ឋានទាល់ តែមានការប្រកាសដោយអាជ្ញាធរផ្លូវការដែលពាក់ព័ន្ធរបស់ UAEនោះទេ ។

UAE បន្ថែមពីនោះក៏បានអំពាវនាវ ឱ្យប្រព័ន្ធផ្សព្វផ្សាយនានាផ្ទៀងផ្ទាត់ព័ត៌មាន និងជៀសវាងការផ្សព្វផ្សាយរបាយការណ៍ដែលមិនបានបញ្ជាក់ ឬប្រើប្រាស់វាដើម្បីជំរុញការរំពឹងទុកផ្នែកនយោបាយ៕

ប្រែសម្រួល៖ស៊ុនលី

To Top