ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ថា ចិននឹងបញ្ជាទិញយន្តហោះ Boeing ចំនួន ២០០គ្រឿង‎

‎បរទេស: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសចិនបានយល់ព្រមបញ្ជាទិញយន្តហោះ Boeing ចំនួន ២០០គ្រឿង ដែលជាកិច្ចព្រមព្រៀងមួយ ដែលនឹងសម្គាល់ការទិញយន្តហោះពាណិជ្ជកម្ម ដែលផលិតនៅសហរដ្ឋអាមេរិក ជាលើកដំបូង របស់ប្រទេសចិន ក្នុងរយៈពេលជិតមួយទសវត្សរ៍ ប៉ុន្តែវានៅតែទាបជាងការប៉ាន់ស្មាន មុនកិច្ចប្រជុំកំពូលដ៏សំខាន់ ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង។

‎យោងតាមសារព័ត៌មាន AiroTimes ចេញផ្សាយនៅថ្ងៃទី១៥ ខែឩសភា ឆ្នាំ២០២៦ថា លោក ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងនេះនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៦ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតី ស៊ី នៅទីក្រុងប៉េកាំង។ លោកមិនបាននិយាយថាប្រភេទយន្តហោះណាខ្លះត្រូវបានរួមបញ្ចូល ក្រុមហ៊ុនអាកាសចរណ៍ចិនណាដែលនឹងទទួលបាន ឬពេលណាការដឹកជញ្ជូននឹងចាប់ផ្តើមនោះទេ។

‎លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ដោយសំដៅទៅលើលោក ស៊ី ថា “រឿងមួយដែលលោកបានយល់ព្រមនៅថ្ងៃនេះ គឺលោកនឹងបញ្ជាទិញយន្តហោះចំនួន ២០០ គ្រឿង”។ “ក្រុមហ៊ុន Boeing ចង់បាន ១៥០ គ្រឿង ពួកគេទទួលបាន ២០០ គ្រឿង”។

‎របាយការណ៍មុនៗបានបង្ហាញថា ប្រទេសចិនអាចបញ្ជាទិញយន្តហោះ Boeing 737 MAX រហូតដល់ ៥០០ គ្រឿង រួមជាមួយនឹងយន្តហោះធំទូលាយប្រហែល ១០០ គ្រឿង រួមទាំងយន្តហោះ 787 Dreamliners និងយន្តហោះ 777X។
‎‎ប្រែសម្រួល: ណៃ តុលា

To Top