អ៊ីរ៉ង់ ចាប់ផ្តើមអនុញ្ញាតឱ្យនាវាចិនមួយចំនួន អាចឆ្លងកាត់ច្រកសមុទ្រហ័រមូស
តេអេរ៉ង់៖ ចាប់តាំងពីយប់ថ្ងៃពុធមក វាអាចទៅរួចសម្រាប់នាវាចិនមួយចំនួន ក្នុងការឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយអនុលោមតាមពិធីសារគ្រប់គ្រងរបស់អ៊ីរ៉ង់។
អ៊ីរ៉ង់បានរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន លើច្រកសមុទ្រហ័រមូស ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ នៅពេលដែលខ្លួនបានហាមឃាត់ការឆ្លងកាត់ដល់នាវា ដែលជាកម្មសិទ្ធិរបស់ ឬមានទំនាក់ទំនងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហាររួមគ្នារបស់ពួកគេលើទឹកដីអ៊ីរ៉ង់។
ទន្ទឹមនឹងនេះដែរសារព័ត៌មាន Fars បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់នៃកងទ័ពជើងទឹក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ដោយថា នាវាចំនួន ៣០គ្រឿងបានឆ្លងកាត់ច្រកសមុទ្រហ័រមូស ចាប់តាំងពីយប់ថ្ងៃពុធ។
មន្ត្រីរូបនេះបានបន្ថែមថា ប្រទេសផ្សេងៗគ្នាបានទទួលយកផ្លូវដែលកំណត់ ដោយអ៊ីរ៉ង់សម្រាប់ការឆ្លងកាត់ច្រកសមុទ្រនេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ច្រកសមុទ្រហ័រមូស គឺបើកចំហសម្រាប់នាវាពាណិជ្ជកម្មទាំងអស់ ដរាបណាពួកគេសហការជាមួយកងកម្លាំងជើងទឹកអ៊ីរ៉ង់ ដើម្បីឆ្លងកាត់តាមផ្លូវទឹកនេះ។
លោកបានបន្ដថា អ៊ីរ៉ង់ មិនបានបង្កឧបសគ្គណាមួយ ដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនោះទេ ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក គឺជាអ្នកដែលបានដាក់ចេញនូវការបិទផ្លូវនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
