ព័ត៌មានអន្តរជាតិ

​ សភាឌូម៉ារុស្ស៊ី​ អនុម័តច្បាប់ការពារពលរដ្ឋរបស់ខ្លួន​ ពីភាពអយុត្តិធម៌ របស់​លោកខាងលិច ដោយអនុញ្ញាឧ្យប្រធានាធិបតី​ អាចដាក់ពង្រាយកងទ័ពបាន​

មូស្គូ៖ សភាឌូម៉ារុស្ស៊ី​ បានអនុម័តច្បាប់នីតិបញ្ញត្តិ ដែលផ្តល់អំណាចដល់ប្រធានាធិបតីក្នុងការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ​ ដើម្បីការពារពលរដ្ឋរុស្ស៊ី ពីភាពអយុត្តិធម៌របស់លោកខាងលិច ។

សេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់សភាឌូម៉ា​ បានឧ្យដឹងថា​ យោងតាមច្បាប់ដែលបានអនុម័ត ប្រធានាធិបតីរុស្ស៊ី​ អាចដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី​ ដើម្បីការពារពលរដ្ឋរបស់ខ្លួនដែលត្រូវបាន “ចាប់ខ្លួន ឃុំខ្លួន ឬទទួលរងនូវការចោទប្រកាន់ព្រហ្មទណ្ឌ ឬការចោទប្រកាន់ផ្សេងទៀតដោយផ្អែកលើការសម្រេចចិត្តរបស់តុលាការបរទេស ឬស្ថាប័នតុលាការអន្តរជាតិ​ ដែលរុស្ស៊ីមិនចូលរួម”។

ប្រភពបានឧ្យដឹងថា​ យុត្តិធម៌លោកខាងលិច​ បានប្រែក្លាយទៅជាម៉ាស៊ីន បង្ក្រាប​ សម្រាប់ដាក់ទណ្ឌកម្មអ្នក​ ដែលមិនយល់ស្របនឹងការសម្រេចចិត្ត ដែលដាក់ដោយសហភាពអឺរ៉ុប ។

ប្រធានសភាឌូម៉ាលោក Vyacheslav Volodin បានឧ្យដឹងថា​ “ក្នុងលក្ខខណ្ឌទាំងនេះ វាជាការសំខាន់ណាស់ដែលត្រូវធ្វើអ្វីគ្រប់យ៉ាង​ ដើម្បីធានាថាពលរដ្ឋរបស់យើងនៅបរទេសត្រូវបានការពារ” ដោយកត់សម្គាល់ថាច្បាប់នេះគឺចាំបាច់​ ដើម្បីការពារជនជាតិរុស្ស៊ី​ ពីភាពអយុត្តិធម៌របស់លោកខាងលិច។

ឯកសារនេះនៅតែត្រូវការការអនុម័តពីក្រុមប្រឹក្សាសហព័ន្ធ មុនពេលដាក់ជូនប្រធានាធិបតី​ ដើម្បីចុះហត្ថលេខា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top