សហរដ្ឋអាមេរិក សម្រេចបានវឌ្ឍនភាព ការទូតជាមួយអ៊ីរ៉ង់ ទោះបីជាបន្ដមានបន្ទាត់ក្រហម នុយក្លេអ៊ែរ
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតី អាមេរិកលោក J.D. Vance បានឧ្យដឹងថា លោកគិតថាសហរដ្ឋអាមេរិក កំពុងសម្រេចបានវឌ្ឍនភាព ក្នុងកិច្ចខិតខំប្រឹងប្រែងការទូតទាក់ទងនឹងសង្គ្រាមជាមួយអ៊ីរ៉ង់ ទោះបីជាបន្ទាត់ក្រហមរបស់សហរដ្ឋអាមេរិក លើបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ នៅតែមានក៏ដោយ។
លោកបានកត់សម្គាល់ថា លោកបានទូរស័ព្ទជាមួយលោក Steve Witkoff បេសកជនរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោក Jared Kushner កូនប្រសារ របស់ប្រធានាធិបតី ក៏ដូចជា “មិត្តភក្តិមួយចំនួនរបស់លោកនៅក្នុងពិភពអារ៉ាប់”។
លោកបានលេីកឡេីងថា “ខ្ញុំគិតថាយើងកំពុងសម្រេចបានវឌ្ឍនភាព។ សំណួរជាមូលដ្ឋានគឺថាតើយើងសម្រេចបានវឌ្ឍនភាពគ្រប់គ្រាន់ ដើម្បីបំពេញតាមបន្ទាត់ក្រហមរបស់ប្រធានាធិបតីដែរឬទេ” ដោយកត់សម្គាល់ថា “បន្ទាត់ក្រហម គឺសាមញ្ញណាស់។ លោកត្រូវមានទំនុកចិត្តថា យើងដាក់ការការពារមួយចំនួន ដើម្បីកុំឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ”។
លោកបានបន្ថែមថា «ជាក់ស្តែង ការចរចាទាំងនេះ គឺមានភាពរសើបខ្លាំងណាស់ ប្រធានាធិបតីបានកំណត់យើងឱ្យដើរលើមាគ៌ាការទូត សម្រាប់ពេលនេះ ហើយនោះជាអ្វីដែលខ្ញុំផ្តោតលើវា»។
លោក ដូណាល់ ត្រាំ បានឧ្យដឹងថា បទឈប់បាញ់រយៈពេលជាច្រើនសប្តាហ៍ជាមួយអ៊ីរ៉ង់នៅតែមានប្រសិទ្ធភាព ប៉ុន្តែស្ថិតនៅលើ «ការគាំទ្រជីវិតមនុស្សយ៉ាងច្រើន» ខណៈពេលដែលបង្ហាញថាទីក្រុងវ៉ាស៊ីនតោននឹងបន្តការទូតជាមួយទីក្រុងតេអេរ៉ង់ ទោះបីជាលោកបដិសេធសំណើសន្តិភាពចុងក្រោយរបស់អ៊ីរ៉ង់ក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា
