ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Boeing បានបញ្ជាក់ពីការបញ្ជាទិញ យន្តហោះចំនួន ២០០ គ្រឿងរបស់ចិនហើយ ប៉ុន្តែមិនបានបញ្ជាក់ប្រភេទ យន្តហោះនោះទេ

បរទេស៖ ក្រុមហ៊ុនផលិតយន្តហោះ Boeing នឹងធ្វើការលក់ដ៏សំខាន់លើកដំបូងរបស់ខ្លួនទៅឱ្យប្រទេសចិនក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ ក្រោមកិច្ចព្រមព្រៀងសម្រាប់យន្តហោះចំនួន ២០០ គ្រឿង ដែលបានប្រកាសនៅថ្ងៃសុក្រ បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ប្រធានាធិបតី Donald Trump ជាមួយប្រធានាធិបតីចិនលោក Xi Jinping។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា កិច្ចព្រមព្រៀងនេះ តំណាងឱ្យការទម្លាយភាពទាល់ច្រកមួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដើម្បីចូលទៅក្នុងទីផ្សារដែលធ្លាប់ជាចំណុចកណ្តាលនៃកំណើនរយៈពេលវែងរបស់ខ្លួន។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One នៅពេលដែលលោកត្រឡប់មកពីទីក្រុងប៉េកាំងវិញ លោក Trump បាននិយាយថា ប្រទេសចិនក៏បានរក្សាសិទ្ធិក្នុងការទិញយន្តហោះ Boeing ចំនួន 750 គ្រឿងជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ។ Boeing បានបញ្ជាក់ពីការបញ្ជាទិញយន្តហោះចំនួន 200 គ្រឿងនៅថ្ងៃសុក្រ ប៉ុន្តែមិនបានបញ្ជាក់ប្រភេទយន្តហោះ ឬផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។

ក្រុមហ៊ុនបាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានដំណើរទស្សនកិច្ចដ៏ជោគជ័យមួយទៅកាន់ប្រទេសចិន និងសម្រេចបានគោលដៅសំខាន់របស់យើងក្នុងការបើកទីផ្សារប្រទេសចិនឡើងវិញចំពោះការបញ្ជាទិញយន្តហោះ Boeing” ដោយបន្ថែមពីការទន្ទឹងរង់ចាំ “ដោះស្រាយតម្រូវការយន្តហោះរបស់ប្រទេសចិនជាបន្តបន្ទាប់”។
ប្រែសម្រួលៈ ណៃ តុលា

To Top