ព័ត៌មានអន្តរជាតិ

លោកត្រាំ កំពុងថ្លឹងថ្លែង​លើកញ្ចប់​អាវុធ ​លក់ឲ្យកោះតៃវ៉ាន់ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​២ថ្ងៃ ជាមួយប្រធានាធិបតីចិន

បេទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសុក្រថា លោកមិនទាន់បានធ្វើការសម្រេចចិត្តថា តើត្រូវបន្តទៅមុខជាមួយ នឹងកញ្ចប់អាវុធ ដ៏សំខាន់មួយសម្រាប់កោះតៃវ៉ាន់ឬអត់ នោះទេ បន្ទាប់ពីបានឮពីការព្រួយ បារម្ភអំពីរឿងនេះពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង។

យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ថា ការអត្ថាធិប្បាយរបស់លោក ត្រាំ លើបញ្ហាកោះតៃវ៉ាន់ជាកោះគ្រប់គ្រង ដោយខ្លួនឯង ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួននេះ បានកើតឡើងនៅពេលដែលលោក ធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាដ៏សំខាន់ ដែលមេដឹកនាំទាំងពីរបាននិយាយថា វឌ្ឍនភាពសំខាន់ៗត្រូវបានធ្វើឡើង ក្នុងការធ្វើឱ្យទំនាក់ទំនងអាមេរិក-ចិនមានស្ថិរភាព ទោះបីជាមានភាពខុសគ្នាយ៉ាងជ្រាលជ្រៅរវាងមហាអំណាចទាំងពីរលើអ៊ីរ៉ង់ និងកោះតៃវ៉ាន់ក៏ដោយ។

លោក ត្រាំ បាននិយាយថា “ខ្ញុំនឹងធ្វើការសម្រេចចិត្ត” “ប៉ុន្តែ អ្នកដឹងទេ ខ្ញុំគិតថារឿងចុងក្រោយដែលយើងត្រូវការនៅពេលនេះគឺសង្គ្រាមដែលមានចម្ងាយ ៩.៥០០ ម៉ាយ”។

សូមជម្រាបថា រដ្ឋបាលសាធារណរដ្ឋរបស់លោក ត្រាំ កាលពីខែធ្នូ បានអនុញ្ញាតឱ្យមានកញ្ចប់អាវុធចំនួន ១១ ពាន់លានដុល្លារសម្រាប់ទីក្រុងតៃប៉ិ (កោះតៃវ៉ាន់) ប៉ុន្តែវាមិនទាន់បានបន្តទៅមុខនៅឡើយទេ។ សមាជិកសភាក៏បានអនុម័តការលក់អាវុធចំនួន ១៤ ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់កាលពីខែមករា ប៉ុន្តែការលក់នេះមិនអាចបន្តទៅមុខបានទេ រហូតដល់លោក ត្រាំ ផ្ញើវាជាផ្លូវការទៅកាន់សភា។ ប្រទេសចិនប្រឆាំងនឹងការលក់បែបនេះ ហើយបានលើកឡើងថា ទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយកោះគ្រប់គ្រងដោយខ្លួនឯងនេះគឺ ជាកត្តាសំខាន់នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។
ប្រែសម្រួលៈ ណៃ តុលា

To Top