DAP News
ព័ត៌មានអន្តរជាតិ

ប្រជាជនស៊ូដង់ជិត ២០លាននាក់ កំពុងប្រឈមមុខនឹងអសន្តិសុខ ស្បៀងអាហារធ្ងន់ធ្ងរ

អង្គការសហប្រជាជាតិ ៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រជាជនជិត ១៩.៥ លាននាក់នៅក្នុងប្រទេសស៊ូដង់ កំពុងប្រឈមមុខនឹងកម្រិតវិបត្តិ នៃអសន្តិសុខស្បៀងអាហារធ្ងន់ធ្ងរ ដោយដកស្រង់សម្តីរបស់អង្គការស្បៀងអាហារ និងកសិកម្ម (FAO) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងមូលនិធិកុមារអង្គការ សហប្រជាជាតិ (UNICEF)។

លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ខណៈពេលដែលតំបន់ចំនួន ១៤ នៅក្នុងប្រទេសស៊ូដង់កំពុងប្រឈមនឹងហានិភ័យនៃគ្រោះទុរ្ភិក្សនៅទូទាំងតំបន់ Greater Darfur និង Greater Kordofan ស្ថានភាពត្រូវបានគេរំពឹងថានឹងកាន់តែយ៉ាប់យ៉ឺនបន្ថែមទៀតក្នុងអំឡុងពេលរដូវវស្សារវាងខែមិថុនា និងខែកញ្ញា។

លោកបានលើកឡើងថា ទន្ទឹមនឹងនេះ ជំនួយមនុស្សធម៌នៅតែមិនគ្រប់គ្រាន់បើប្រៀបធៀបទៅនឹងទំហំនៃតម្រូវការ។ រវាងខែកុម្ភៈ និងខែឧសភា ដៃគូមនុស្សធម៌មានគោលបំណងបំពេញតម្រូវការទៅដល់មនុស្ស ៤.៨ លាននាក់ក្នុងមួយខែ ប៉ុន្តែមានមនុស្សប្រមាណ ៣.១៣ លាននាក់ប៉ុណ្ណោះ ដែលទទួលបានជំនួយក្នុងខែកុម្ភៈ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា អង្គការ FAO, WFP និង UNICEF បានអំពាវនាវ ឱ្យមានការបញ្ឈប់អរិភាពជាបន្ទាន់ ហើយបានជំរុញឱ្យសហគមន៍ អន្តរជាតិបង្កើនមូលនិធិជាបន្ទាន់ សម្រាប់ស្បៀងអាហារ ការផលិតស្បៀងអាហារបន្ទាន់ អាហារូបត្ថម្ភ សុខភាព និងសេវាទឹក និងអនាម័យ ក៏ដូចជាការគាំទ្រសម្រាប់សកម្មភាព ដើម្បីកសាងជីវភាពរស់នៅឡើងវិញ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top