ប្រទេសចិន យល់ព្រមជំរុញពាណិជ្ជកម្ម សម្រាប់ផលិតផលកសិកម្ម របស់សហរដ្ឋអាមេរិក ដូចជាសាច់គោ និងបសុបក្សី បន្ទាប់ពីកិច្ចប្រជុំកំពូល រវាងលោក ត្រាំ និងលោក ស៊ី
បរទេស៖ សេតវិមានបានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានយល់ព្រមបង្កើន ពាណិជ្ជកម្មសម្រាប់ផលិតផល កសិកម្មរបស់ សហរដ្ឋអាមេរិកដូចជាសាច់គោ និងបសុបក្សី ដោយទិញក្នុងអត្រាប្រចាំឆ្នាំចំនួន ១៧ ពាន់លានដុល្លារ ក្នុងមួយឆ្នាំសម្រាប់ឆ្នាំ ២០២៦ និងនៅកម្រិតនោះសម្រាប់ឆ្នាំ ២០២៧ និង ២០២៨ ពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានវិលត្រឡប់ មកពីកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង ជាកន្លែងដែលលោកបានស្វែង រកការបន្ធូរបន្ថយផលប៉ះពាល់លើកសិករអាមេរិក ពីសង្គ្រាមពាណិជ្ជកម្ម ដែលលោកបានចាប់ផ្តើមកាលពីឆ្នាំមុន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ថា សេតវិមានបាននិយាយថា ប្រទេសចិននឹងស្តារការចូលទីផ្សារ សម្រាប់សាច់គោអាមេរិក និងបន្តនាំចូលបសុបក្សីពីរដ្ឋអាមេរិក ដែលកំណត់ដោយក្រសួងកសិកម្ម សហរដ្ឋអាមេរិកថា គ្មានជំងឺផ្តាសាយបក្សី។ កិច្ចព្រមព្រៀងទាំងនេះគឺស្ថិតនៅពីលើ ការប្តេជ្ញាចិត្តទិញសណ្តែកសៀងរបស់ប្រទេសចិនកាលពីឆ្នាំមុន។
កិច្ចព្រមព្រៀងទាំងនេះផ្តល់នូវក្តីសង្ឃឹមខ្លះដល់កសិករអាមេរិកដែលរងផលប៉ះពាល់ដោយសង្គ្រាមពាណិជ្ជកម្ម ខណៈដែលពួកគេបានឃើញទីផ្សារនាំចេញដ៏សំខាន់សម្រាប់សណ្តែកសៀង និងផលិតផលផ្សេងទៀតបានរីងស្ងួត។ កសិករក៏កំពុងមាន អារម្មណ៍ថាមានសម្ពាធថ្មីពីគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ផងដែរ – សង្គ្រាម ដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមប្រឆាំងនឹងអ៊ីរ៉ង់ បានកាត់បន្ថយការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់មួយដែលបាន រឹតត្បិតការផ្គត់ផ្គង់ជីសកល និងធ្វើឱ្យតម្លៃទាំងនោះកើនឡើងខ្ពស់។
ចំណែក ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសៅរ៍បាននិយាយថា ភាគីទាំងពីរនឹង «ដោះស្រាយ ឬធ្វើឱ្យមានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ឆ្ពោះទៅរកការដោះស្រាយ ឧបសគ្គមិនមែន ពន្ធមួយចំនួន និងបញ្ហាចូលទីផ្សារ» ទាក់ទងនឹងទំនិញកសិកម្ម ៕
ប្រែសម្រួលៈ ណៃ តុលា
