អាមេរិក ផ្អាកការវាយប្រហារយោធាលើអ៊ីរ៉ង់ ខណៈដែលសម្ព័ន្ធមិត្តជំរុញ ឱ្យមានកិច្ចព្រមព្រៀង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកបានណែនាំដល់ មន្ទីរបញ្ចកោណ កុំឱ្យបើកការវាយប្រហារយោធាលើអ៊ីរ៉ង់ នៅថ្ងៃអង្គារ ខណៈដែលសម្ព័ន្ធមិត្តអាមេរិកនៅឈូងសមុទ្រកំពុងធ្វើការ ដើម្បីជួយឈានដល់កិច្ចព្រមព្រៀងសន្តិភាព ដែលអាចទទួលយកបាន។
លោក ត្រាំ បានសរសេរនៅ លើបណ្ដាញ Truth Social របស់លោកថា “យើងនឹងមិនធ្វើការវាយប្រហារ តាមកាលវិភាគលើអ៊ីរ៉ង់នៅថ្ងៃស្អែកទេ”។
ប្រធានាធិបតីរូបនេះ បានបន្ថែមថា លោកបានណែនាំបន្ថែមទៀត ដល់មន្ទីរបញ្ចកោណ “ឱ្យត្រៀមខ្លួន ដើម្បីបន្តការវាយប្រហារ ទ្រង់ទ្រាយធំលើអ៊ីរ៉ង់ភ្លាមៗ ក្នុងករណីដែលកិច្ចព្រមព្រៀង ដែលអាចទទួលយក បានមិនត្រូវបានសម្រេច”។
លោកបានលេីកឡេីងថា “ការចរចាដ៏វិជ្ជមានមួយ” កំពុងកើតឡើង ហើយថា តាមគំនិតរបស់មេដឹកនាំរដ្ឋឈូងសមុទ្រ កិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើង ដែលនឹង “អាចទទួលយកបានយ៉ាងខ្លាំង” ចំពោះសហរដ្ឋអាមេរិក ប្រទេសទាំងអស់នៅមជ្ឈិមបូព៌ា និងលើសពីនេះ។
លោកបន្ដថា “កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូល អ្វីដែលសំខាន់ គឺគ្មានអាវុធនុយក្លេអ៊ែរសម្រាប់អ៊ីរ៉ង់!” លោក ត្រាំ បានគូសបញ្ជាក់ថា លោកបានពន្យារ ពេលការវាយប្រហារដែលបានគ្រោងទុក តាមការស្នើសុំរបស់មេដឹកនាំ មកពីប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម៕
ប្រែសម្រួល ឈូក បូរ៉ា
