លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក អាចនឹងវាយប្រហារអ៊ីរ៉ង់ ជាថ្មីម្តងទៀត
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកអាចនឹងវាយប្រហារអ៊ីរ៉ង់ម្តងទៀត ដោយអះអាងថា លោកនៅសល់ពេលត្រឹម តែមួយម៉ោងទៀតប៉ុណ្ណោះ មុននឹងសម្រេចចិត្តលើការវាយប្រហារ មុនពេលពន្យារពេលវា តាមការស្នើសុំ របស់សម្ព័ន្ធមិត្តអាមេរិក នៅរដ្ឋឈូងសមុទ្រ។
ថ្លែងនៅឯសេតវិមាន លោក ត្រាំ បានឧ្យដឹងថា មេដឹកនាំអ៊ីរ៉ង់ កំពុងអង្វរឲ្យធ្វើកិច្ចព្រមព្រៀង ប៉ុន្តែបានព្រមានថា ការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិក អាចកើតឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប្រសិនបើមិនមានកិច្ចព្រមព្រៀង ណាមួយត្រូវបានសម្រេច។
លោកបានលេីកឡេីងថា ពេលវេលាកំណត់អាចជាថ្ងៃសុក្រ ចុងសប្តាហ៍ ឬដើមសប្តាហ៍ក្រោយ ដោយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន មិនអាចអនុញ្ញាតឱ្យពួកគេមានអាវុធ នុយក្លេអ៊ែរថ្មីបាននោះទេ។
លោកបានបន្ដថា សម្ព័ន្ធមិត្តឈូងសមុទ្រជាច្រើន បានប្រាប់លោកថា មានវឌ្ឍនភាពក្នុងការចរចា ដែលសម្របសម្រួល ដោយប៉ាគីស្ថាន ឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព ដូច្នេះលោកនឹងអនុញ្ញាតឱ្យមានរយៈពេលកំណត់ យ៉ាងហោចណាស់ពីរ ឬបីថ្ងៃ – សម្រាប់ការចរចា ដើម្បីបន្ត។
លោកប្រធានាធិបតីបានបន្ថែមកាលពីថ្ងៃចន្ទថា លើកនេះគឺ «ខុសគ្នាបន្តិចបន្តួច» ពីកិច្ចចរចា ដែលជាប់គាំងពីមុន ដែលទីក្រុងវ៉ាស៊ីនតោនគិតថា កិច្ចព្រមព្រៀង មួយខិតជិតមកដល់ហើយ៕
ប្រែសម្រួល ឈូក បូរ៉ា
