សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ចប់ការរៀបចំ សម្រាប់ការវាយប្រហារជាថ្មីលេីអ៊ីរ៉ង់
យេរ៉ូសាឡឹម៖ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបញ្ចប់ការរៀបចំរួមគ្នា សម្រាប់ការបន្តប្រតិបត្តិការ យោធាឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទរទស្សន៍ Kan TV របស់អ៊ីស្រាអែល ដោយដកស្រង់សម្តីមន្ត្រីសន្តិសុខអាមេរិក។
មន្ត្រីរូបនេះបានឧ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងធ្វើការសម្រេចចិត្ត “ឆាប់ៗនេះ”។ មុននេះបន្តិច នៅថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកអាចនឹង ត្រូវវាយប្រហារអ៊ីរ៉ង់ម្តងទៀត បន្ទាប់ពីអះអាងថា លោកបានពន្យារពេលការ វាយប្រហារដែលបានគ្រោងទុក។
មន្ត្រីរូបនេះត្រូវបានដកស្រង់សម្តីថា “សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មានការសម្របសម្រួលយ៉ាងពេញលេញ។ ភាគីទាំងពីរនឹងមិនមានការភ្ញាក់ផ្អើលទេ ប្រសិនបើការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីបន្តសង្គ្រាម”។
យោងតាមរបាយការណ៍ យោធាអ៊ីស្រាអែលក៏កំពុងពង្រឹងវិធានការការពារផងដែរ ចំពេលមានការព្រួយបារម្ភថា ការកត់សម្គាល់របស់លោក ត្រាំ និងការពិភាក្សាជាសាធារណៈកាន់តែខ្លាំងឡើងអំពីការប្រយុទ្ធគ្នាឡើងវិញ អាចជំរុញឱ្យអ៊ីរ៉ង់ បើកការវាយប្រហារជាមុន។
មិនមានការអត្ថាធិប្បាយភ្លាមៗពីរដ្ឋាភិបាលអ៊ីស្រាអែល លើលទ្ធភាពនៃសកម្មភាពយោធាឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។
ទោះបីជាមានរបាយការណ៍ក៏ដោយ បញ្ជាការដ្ឋានរណសិរ្ស មាតុភូមិអ៊ីស្រាអែលបានឧ្យដឹងថា “បន្ទាប់ពីការវាយតម្លៃស្ថានភាព” គោលការណ៍ ណែនាំការពាររបស់ខ្លួននឹងនៅតែមិនផ្លាស់ប្តូរ ហើយនៅតែមានប្រសិទ្ធភាពយ៉ាង ហោចណាស់រហូតដល់យប់ថ្ងៃសៅរ៍សប្ដាហ៍នេះ៕
ប្រែសម្រួល ឈូក បូរ៉ា
