អារ៉ាប់រួមអះអាងថា យន្តហោះគ្មានមនុស្សបើក ដែលវាយប្រហារលើរោងចក្រ ថាមពលនុយក្លេអ៊ែរ Barakah របស់ខ្លួនគឺចេញមកពីទឹកដីអ៊ីរ៉ាក់
បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសអារ៉ាប់រួម បាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះគ្មានមនុស្សបើក ដែលបានកំណត់គោលដៅ រោងចក្រថាមពលនុយក្លេអ៊ែរ Barakah របស់សហព័ន្ធអារ៉ាប់រួម ទាំងអស់គឺចេញពីប្រទេសអ៊ីរ៉ាក់ ដែលជាការចង្អុលបង្ហាញថា កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់ ទំនងជានៅពីក្រោយការវាយប្រហារនេះ ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ថា គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ ប៉ុន្តែទីក្រុងតេហេរ៉ង់ និងកងជីវពល តំណាង របស់ខ្លួន បានបើកការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកដែលកំណត់គោល ដៅរដ្ឋអារ៉ាប់ឈូងសមុទ្រពែក្ស ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានចាប់ផ្តើមសង្គ្រាមរបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ កាលពីអតីតកាល ពួកកងជីវពលបានផ្តល់មធ្យោបាយដល់អ៊ីរ៉ង់ដើម្បីបង្វែរការស្តីបន្ទោសលើការវាយប្រហារបែបនេះ។
មិនមានរបាយការណ៍អំពីរបួស ឬការលេចធ្លាយវិទ្យុសកម្មនៅរោងចក្រថាមពលនុយក្លេអ៊ែរ Barakah បន្ទាប់ពីការវាយប្រហារនោះទេ ដែលមន្ត្រីអេមីរ៉ាតបាននិយាយថា បានវាយប្រហារម៉ាស៊ីនភ្លើងមួយនៅលើបរិវេណនៃរោងចក្រនោះ។
ប៉ុន្តែនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិបានពិពណ៌នា អំពី “ការព្រួយបារម្ភយ៉ាងខ្លាំង” របស់ទីភ្នាក់ងាររបស់លោកអំពីនិន្នាការ កើនឡើងនៃការកំណត់គោលដៅរោងចក្រនុយក្លេអ៊ែរដែលកំពុងដំណើរការនៅក្នុងសង្គ្រាមអ៊ីរ៉ង់។
ប្រែសម្រួលៈ ណៃ តុលា
