ព័ត៌មានអន្តរជាតិ

​ សហរដ្ឋអាមេរិក​ រឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿង​ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ​នៅមហាសមុទ្រឥណ្ឌា

វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់​ ត្រាំ បានរឹបអូសកប៉ាល់ ដឹកប្រេង​ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់​ នៅមហាសមុទ្រឥណ្ឌា ដែលជាការរឹបអូសកប៉ាល់លើកទីបី របស់សហរដ្ឋអាមេរិក​ ដែលជាប់ទាក់ទងនឹងការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ នេះបើយោងតាមរបាយការណ៍របស់ The Wall Street Journal។

របាយការណ៍បានឧ្យដឹងថា​ ទិន្នន័យតាមដាន កប៉ាល់បានបង្ហាញថា កប៉ាល់នេះ ដែលគេស្គាល់ថា Skywave បានធ្វើដំណើរទៅភាគខាងលិចប្រទេស ម៉ាឡេស៊ី​ នៅថ្ងៃអង្គារ បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា។

កប៉ាល់នេះទំនងជាផ្ទុកប្រេងឆៅជាង ១ លានបារ៉ែលនៅកោះ Kharg របស់អ៊ីរ៉ង់​ ក្នុងខែកុម្ភៈ នេះបើយោងតាមឈ្មួញកណ្តាល និងទិន្នន័យពី Lloyds List Intelligence។

របាយការណ៍បានឧ្យដឹងទៀតថា កប៉ាល់នេះកំពុងធ្វើដំណើរត្រឡប់ទៅមជ្ឈិមបូព៌ាវិញ នៅពេលដែលវាត្រូវបានរឹបអូស។​ កប៉ាល់ដឹកប្រេងនេះត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មក្នុងខែមីនា ពីបទដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់។

គួរបញ្ជាក់ថា​ សហរដ្ឋអាមេរិក​ បានរឹបអូសកប៉ាល់ដឹកប្រេងពីរគ្រឿងផ្សេងទៀត​ ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់គឺ Majestic X និង Tifani នៅក្នុងមហាសមុទ្រឥណ្ឌា​ កាលពីខែមេសា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top