ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ បញ្ជាក់ថា ការចរចាជាមួយអ៊ីរ៉ង់ ស្ថិតក្នុងដំណាក់កាលចុងក្រោយ​ ខណៈអាមេរិក កំពុងរង់ចាំចម្លើយត្រឹមត្រូវ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ​ បានឧ្យដឹងថា រដ្ឋបាលរបស់លោកស្ថិត ក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចចរចាសន្តិភាពជាមួយអ៊ីរ៉ង់ ហើយមានឆន្ទៈរង់ចាំរយៈពេលពីរ​ ឬបីថ្ងៃសម្រាប់ចម្លើយត្រឹមត្រូវមួយ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចចរចាជាមួយអ៊ីរ៉ង់​ យើងនឹងឃើញអ្វីដែលនឹងកើតឡើង»។

លោកបានបន្ថែមថា «យើងនឹងមានកិច្ចព្រមព្រៀង ឬយើងនឹងធ្វើរឿងមួយចំនួន​ ដែលអាក្រក់បន្តិច​ ប៉ុន្តែសង្ឃឹមថារឿងនោះនឹងមិនកើតឡើងនោះទេ»។

ប្រធានាធិបតីអាមេរិករូបនេះបានអះអាងថា លោក «មិនប្រញាប់ប្រញាល់» ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់នោះទេ ដោយបានបង្ហាញថា លោកនឹងមិនពិចារណាធ្វើ «កិច្ចព្រមព្រៀងមានកំណត់» ដែលផ្តោតតែលើការបើកច្រកសមុទ្រហ័រមូសឡើងវិញនោះទេ។

លោកបាននិយាយអំពីកិច្ចព្រមព្រៀងដែលអាចកើតមានមួយថា «យើងនឹងផ្តល់ឱកាសមួយ» ដោយច្រានចោលគំនិតនៃការសម្របសម្រួលដោយផ្នែក។​
«ខ្ញុំមិនប្រញាប់ទេ។ អ្នកមិនដែលគិតថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិ ខ្ញុំប្រញាប់ណាស់​ នោះទេ។ ខ្ញុំមិនប្រញាប់ទេ»។

លោកប្រធានាធិបតីបានបន្ថែមថា លោកបានសន្ទនាតាមទូរស័ព្ទ «ល្អណាស់» ជាមួយប្រធានាធិបតីតួកគីលោក​ Recep Tayyip Erdogan កាលពីព្រឹកថ្ងៃពុធ ។ តួកគី​ ត្រូវបានគេមើលឃើញ​ថាជាអ្នកសម្របសម្រួលដ៏សំខាន់មួយ ក្នុងអំឡុងពេលចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់​ កាលពីថ្ងៃពុធបានព្រមានថា ប្រសិនបើការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ ប្រឆាំងនឹងប្រទេសនេះត្រូវបានធ្វើឡើងម្តងទៀត សង្គ្រាមនឹងពង្រីកហួសពីតំបន់អាស៊ីខាងលិច៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top