អ៊ីស្រាអែល ដាក់កងទ័ពស្ថិត ក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈអាមេរិក គំរាមវាយប្រហារអ៊ីរ៉ង់ជាថ្មី
យេរ៉ូសាឡឹម៖ មេបញ្ជាការយោធាអ៊ីស្រាអែល លោក Eyal Zamir បានឧ្យដឹងថា កងកម្លាំង ការពារជាតិអ៊ីស្រាអែល កំពុងស្ថិតក្នុង «កម្រិតប្រុងប្រយ័ត្នខ្ពស់បំផុត» ខណៈដែលសហរដ្ឋអាមេរិក បានគំរាមកំហែងវាយប្រហារ អ៊ីរ៉ង់ឡើងវិញ។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយយោធា លោក Eyal Zamir បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមេបញ្ជាការ កងពលទាំងអស់ ដើម្បីវាយតម្លៃការត្រៀមខ្លួនរបស់កងទ័ព និងវឌ្ឍនភាព នៃការប្រយុទ្ធគ្នានៅសមរភូមិច្រើនជួរមុខរបស់អ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍នេះបានឧ្យដឹងថា ក្នុងអំឡុងពេលកិច្ចប្រជុំ លោក Eyal Zamir និងមេបញ្ជាការបានធ្វើ «ការវាយតម្លៃស្ថានភាពប្រតិបត្តិការ» និងបានពិភាក្សាអំពីការត្រៀមខ្លួនរបស់កងកម្លាំង និងការបន្តប្រយុទ្ធនៅក្នុងវិស័យផ្សេងៗ។
លោកបានលេីកឡេីងថា យោធាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើ «ការវាយប្រហារជាប្រព័ន្ធ ដ៏មានឥទ្ធិពល និងជាជំហានៗ» ប្រឆាំងនឹងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយបច្ចុប្បន្នកំពុងពង្រឹងកងកម្លាំងនៅតំបន់ព្រំដែនជាច្រើន។
លោកបានបន្ថែមថា យោធាត្រូវពង្រីកបុគ្គលិកបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីអនុវត្តបេសកកម្មរបស់ខ្លួន និងបន្ធូរបន្ថយសម្ពាធលើកងទ័ពបម្រុង ដោយហៅវាថាជា «បញ្ហាសំខាន់» សម្រាប់សមត្ថភាពប្រតិបត្តិការរបស់យោធា៕
ប្រែសម្រួល ឈូក បូរ៉ា
