បណ្ដាប្រទេសនៅអឺរ៉ុប ថ្កោលទោសការ ប្រព្រឹត្តរបស់អ៊ីស្រាអែល ចំពោះសកម្មជន កងនាវាតំបន់ហ្គាហ្សា
ប្រ៊ុចសែល៖ បណ្ដាប្រទេសជាច្រើននៅអឺរ៉ុប បានរិះគន់យ៉ាងខ្លាំង ចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែល ចំពោះសកម្មជន ដែលត្រូវបានឃុំខ្លួនពីកងនាវា Global Sumud ដែលឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ដោយថ្កោលទោសការអាម៉ាស់របស់អ្នកជាប់ឃុំឃាំងថា ជាអំពើមិនអាចទទួលយកបាន និងអមនុស្សធម៌។
រដ្ឋមន្ត្រីការបរទេស និងមេដឹកនាំនៃប្រទេសអេស្ប៉ាញ អង់គ្លេស អៀរឡង់ បារាំង អ៊ីតាលី ហូឡង់ និងអូទ្រីស បានពិពណ៌នាអំពីសកម្មភាពរបស់អ៊ីស្រាអែលថា ជាការរំលោភលើសេចក្តីថ្លៃថ្នូររបស់មនុស្ស ខណៈពេលដែលក៏ទាមទារការពន្យល់ ការសុំទោស និងការដោះលែងពលរដ្ឋរបស់ពួកគេ។
រដ្ឋមន្ត្រីការបរទេស សហភាពអឺរ៉ុប និងសហប្រតិបត្តិការរបស់ប្រទេសអេស្ប៉ាញ លោក Jose Manuel Albares បានពិពណ៌នាថាជា “អំពើអាក្រក់” ចំពោះការប្រព្រឹត្តរបស់សកម្មជនប្រហែល ៤៣០នាក់នៅលើកងនាវា ដែលត្រូវបានស្ទាក់ចាប់ដោយអ៊ីស្រាអែល នៅក្នុងដែនទឹកអន្តរជាតិជិតប្រទេសស៊ីប បន្ទាប់ពីចាកចេញពីប្រទេសតួកគីកាលពីសប្តាហ៍មុន។
លោក Albares បានថ្កោលទោសវីដេអូដែលចេញផ្សាយដោយរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល Itamar Ben-Gvir ដែលបង្ហាញពីអ្នកជាប់ឃុំឃាំង កំពុងលុតជង្គង់លើដីដោយដៃរបស់ពួកគេត្រូវបានចងនៅពីក្រោយខ្នង (ចងស្លាបសេក) «ការប្រព្រឹត្តបែបនេះគឺអាក្រក់ គ្មានសេចក្តីថ្លៃថ្នូរ និងអមនុស្សធម៌។ ខ្ញុំទាមទារឱ្យមានការសុំទោសជាសាធារណៈពីអ៊ីស្រាអែល» លោក Albares បានលេីកឡេីងដោយបន្ថែមថា ប្រទេសអេស្ប៉ាញ បានកោះហៅភារធារីអ៊ីស្រាអែល នៅទីក្រុងម៉ាឌ្រីដ ដើម្បីទាមទារការពន្យល់។
រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Micheal Martin បានឧ្យដឹងថា លោកមាន «ការភ្ញាក់ផ្អើល និងតក់ស្លុត» ចំពោះការប្រព្រឹត្តចំពោះពលរដ្ឋអៀរឡង់ ដែលត្រូវបានឃុំខ្លួនដោយអ៊ីស្រាអែល។ រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោកស្រី Helen McEntee បានរិះគន់វីដេអូដែលផ្សព្វផ្សាយដោយលោក Ben-Gvir ដោយថា អ្នកជាប់ឃុំគួរតែត្រូវបានប្រព្រឹត្ត «ដោយសេចក្តីថ្លៃថ្នូរ ឬការគោរពសមស្រប» ហើយបានទាមទារការធានាជាបន្ទាន់ទាក់ទងនឹងសុខុមាលភាព និងការការពារផ្នែកច្បាប់របស់ជនជាតិអៀរឡង់៕
ប្រែសម្រួល ឈូក បូរ៉ា
