សារព័ត៌មាន Yonhap ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងទៅទស្សនកិច្ចនៅកូរ៉េខាងជើង នៅដើមសប្តាហ៍ក្រោយនេះ
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង អាចនឹងទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង នៅដើមសប្តាហ៍ក្រោយនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ថា ប្រភពព័ត៌មានរដ្ឋាភិបាលមួយផ្សេងទៀតត្រូវបានដកស្រង់សម្តីថា ក្រុមមន្ត្រីសន្តិសុខ និងពិធីការចិនមួយក្រុមបានទៅដល់ទីក្រុងព្យុងយ៉ាងថ្មីៗនេះ ហើយដំណើរទស្សនកិច្ចរបស់លោក ស៊ី នៅចុងខែឧសភា ឬដើមខែមិថុនា ទំនងជាអាចធ្វើទៅបាន។
មន្ត្រីជាន់ខ្ពស់រូបនេះត្រូវបានដកស្រង់សម្តីថា លោក ស៊ី ដែលបានទទួលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន នឹងព្យាយាមធ្វើជាអ្នកសម្របសម្រួលរវាងលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។
ចំណែកក្រសួងការបរទេសកូរ៉េខាងត្បូងមិនបានធ្វើអត្ថាធិប្បាយភ្លាមៗលើរបាយការណ៍នេះទេ។
ប្រទេសចិនគឺជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច និង នយោបាយដ៏សំខាន់របស់កូរ៉េខាងជើង ហើយប្រទេសទាំងពីរបានខិតខំប្រឹងប្រែង ពង្រឹងទំនាក់ទំនងដែលបានថមថយ ក្នុងអំឡុងពេលមានជំងឺរាតត្បាត COVID-19។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនាទីក្រុងប៉េកាំងកាលពីឆ្នាំមុន ហើយបានឈរក្បែរលោក ស៊ី និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅក្នុងក្បួនដង្ហែរយោធាដ៏ធំមួយ។
ប្រែសម្រួលៈ ណៃ តុលា
