ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់​ នឹង​ដាក់ពង្រាយ​ប្រព័ន្ធ​ Patriot ទៅកាន់​តួកគី​ ​ក្រោម​បេសកកម្ម​ របស់​អង្គការ​ណាតូ​ ចំពេល​មាន​ភាព​តានតឹង​ក្នុង​តំបន់

ប៊ែរឡាំង៖​ ក្រសួងការពារជាតិតួកគី​ បានឧ្យដឹងថា ប្រទេសអាល្លឺម៉ង់​ នឹងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់ប្រទេសតួកគី​ នៅក្នុងខែមិថុនា សម្រាប់បេសកកម្មរយៈពេល​ ៦ខែ ក្រោមវិធានការរបស់អង្គការណាតូ ដែលមានគោលបំណងពង្រឹង ការការពារដែនអាកាសរបស់ប្រទេសនេះ ចំពេលមានភាពតានតឹងក្នុងតំបន់ដែល ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។

អ្នកនាំពាក្យក្រសួងការពារជាតិលោក Zeki Akturk បានឧ្យដឹងថា ប្រព័ន្ធអាល្លឺម៉ង់នឹងជំនួសប្រព័ន្ធ Patriot បន្ថែមមួយក្នុងចំណោមប្រព័ន្ធ Patriot បន្ថែមដែលដាក់ពង្រាយនៅក្នុងប្រទេសតួកគី​ ដោយអង្គការណាតូ។ វានឹងដំណើរការរួមគ្នាជាមួយប្រព័ន្ធ Patriot របស់អេស្ប៉ាញ​ ដែលឈរជើងរួចហើយនៅក្នុងប្រទេសនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅមូលដ្ឋានយោធាមួយក្នុងទីក្រុង Izmir ភាគនិរតីប្រទេស លោក Akturk បានឧ្យដឹងថា ការដាក់ពង្រាយនេះកំពុងត្រូវបាន សម្របសម្រួលជាមួយសម្ព័ន្ធមិត្តណាតូ ស្របតាមការវាយតម្លៃសន្តិសុខបច្ចុប្បន្ន។

កាលពីខែមីនា ទីក្រុងអង់ការ៉ា​ បានឧ្យដឹងថា ប្រព័ន្ធ Patriot របស់សហរដ្ឋអាមេរិកត្រូវបានដាក់ពង្រាយនៅជិត មូលដ្ឋានរ៉ាដារបស់អង្គការណាតូ​ នៅភាគអាគ្នេយ៍នៃប្រទេសតួកគី​ បន្ទាប់ពីការគំរាមកំហែងមីស៊ីល ដែលទាក់ទងនឹងជម្លោះជាមួយអ៊ីរ៉ង់។ ក្រោយមក ការការពារដែនអាកាសរបស់អង្គការណាតូ​ បានស្ទាក់ចាប់មីស៊ីលផ្លោងចំនួន​ ៤គ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់​ ក្នុងអំឡុងពេលប្រយុទ្ធ នេះបើយោងតាមមន្ត្រីតួកគី។

គួរបញ្ជាក់ថា​ នៅថ្ងៃទី២៨​ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់ផ្សេងទៀត។ អ៊ីរ៉ង់​ បានឆ្លើយតបដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលផ្តោតលើមូលដ្ឋានទ័ព និងទ្រព្យសម្បត្តិរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក​ នៅមជ្ឈិមបូព៌ា៕

To Top